ព្រះសីហនុ៖ កូនត្នោតចំនួន ១ ០០០ដើម ត្រូវបានធ្វើការដាំដុះនៅតាមបណ្តោយផ្លូវល្បឿនលឿនក្នុងក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីបង្កើនសោភ័ណភាព បរិស្ថានបន្ថែមទៀតសម្រាប់បំរើឱ្យវិស័យទេសចរណ៍។
សមាជិកព្រឹទ្ធសភា លោកបណ្ឌិត ម៉ុង ឬទ្ធី និងប្រធានក្រុមប្រឹក្សាខេត្ត លោក វង្ស ផាណាត និងអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអញ្ជើញដាំកូនត្នោតចំនួន ១ ០០០ដើម តាមបណ្តោយផ្លូវល្បឿនលឿនក្នុងក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកបណ្ឌិត ម៉ុង ឬទ្ធី បានឱ្យដឹងថា តាមការគ្រោងទុកឆ្នាំនេះនឹងមានផែនការដាំកូនត្នោតចំនួន ៥ ០០០ដើម ខណៈក្នុងថ្ងៃនេះបានធ្វើការដាំកូនត្នោតចំនួន ១ ០០០ដើម នៅតាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ដោយការដាំនេះ គឺដាំក្នុងចន្លោះពីដើមមួយទៅដើមមួយមានចម្ងាយ ៥ម៉ែត្រ ដើម្បីឱ្យដើមត្នោតលូតលាស់ធំធាត់បានលឿន។
ក្នុងឱកាសនោះ លោក គួច ចំរើន បានថ្លែងអំណរគុណលោកបណ្ឌិត ម៉ុង ឬទ្ធី ដែលបានរៀបចំធ្វើការបណ្តុះកូនត្នោត និងរៀបចំកម្មវិធីដាំកូនត្នោតនៅលើទឹកដីឃុំជើងគោ ស្រុកព្រៃនប់ ស្របនឹងផ្លូវល្បឿនលឿន ដើម្បីបង្កើនសោភ័ណភាព បរិស្ថានបន្ថែមទៀតសម្រាប់បំរើឱ្យវិស័យទេសចរណ៍ ពិសេសអ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ដោយដើមត្នោតនេះ ក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅលើទឹកដី នៃខេត្តព្រះសីហនុ សម្រាប់កូនចៅរបស់យើងជំនាន់ក្រោយផងដែរ។
ទន្ទឹមនោះ លោកក៏បានធ្វើការអំពាវនាវឱ្យយុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមថែរក្សា ការពារដើមត្នោតរបស់យើងឱ្យបានល្អ ព្រោះនេះជាសម្បត្តិរួម មិនមែនជារបស់លោកបណ្ឌិត ម៉ុង ឬទ្ធី ឬជារបស់អភិបាលខេត្តនោះទេ។
ជាមួយគ្នានេះ លោក គួច ចំរើន ស្នើឱ្យចូលរួមគ្នាការពារ ថែរក្សាឱ្យបានគង់វង្ស ខណៈដើមត្នោតក៏ជាកេរ្តិ៍ដំណែលដែលបានបន្សល់ទុកសម្រាប់កូនក្មួយជំនាន់ក្រោយ ព្រោះដើមត្នោតមានផលប្រយោជន៍ជាច្រើន សម្រាប់ឱ្យប្រជាពលរដ្ឋយកមកធ្វើការកែច្នៃប្រើប្រាស់មានដូចជា ស្លឹកយកទៅប្រកផ្ទះ ផ្កាកៀបចេញជាស្ករ ចំណែកផ្លែខ្ចីហូប ផ្លែទុំអាចយកទៅធ្វើជានំ និងដើមរបស់វាអាចច្រៀកធ្វើជាសម្ភារៈ ឬគ្រឿងសង្ហារឹមផ្សេងៗជាច្រើនមុខផ្សេងទៀតទៅ តាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្នផងដែរ៕