អាជ្ញាធរជាតិអប្សរាសហការជាមួយឥណ្ឌា ជួសជុលគំនូរបុរាណព្រះវិហារវត្តរាជបូណ៌ដែលមានអាយុកាលរាប់រយឆ្នាំ
សៀមរាប៖ អាជ្ញាធរជាតិអប្សរា ជួសជុលគំនូរបុរាណដែលមានអាយុរាប់រយឆ្នាំ នៅក្នុងព្រះវិហារវត្តរាជបូណ៌ ក្រោមការឧបត្ថម្ភថវិការបស់រដ្ឋាភិបាលឥណ្ឌា។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ភឿង សកុណា និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណ ដែលមានអាយុរាប់រយឆ្នាំ នៅក្នុងព្រះវិហារនៃវត្តរាជបូណ៌ ក្នុងទីរួមខេត្តសៀមរាប នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ព្រះវិហាររបស់វត្តរាជបូណ៌ បានសាងសង់ឡើងតាំងពីសតវត្សរ៍ទី១៨ នៃគ្រីស្ដសករាជ។ ទាំងស្ថាបត្យកម្ម និងការតុបតែងនៅក្នុងទីវត្តនេះ គឺធ្វើតាមរចនាបថខ្មែរសុទ្ធសាធ ដែលបង្ហាញឱ្យឃើញពីស្នាដៃការច្នៃប្រឌិត និងមរតកវប្បធម៌ខ្មែរដ៏សម្បូរបែប។
នៅលើជញ្ជាំងនៃវត្តរាជបូណ៌មានគំនូរបុរាណចំនួនប្រមាណ ១៥៧ផ្ទាំង ដែលបង្ហាញពីជីវិតរបស់ព្រះសម្មាសម្ពុទ្ធ រឿងរាមាយណៈ (រាមកេរ្តិ៍) មានបង្ហាញពីឋាននរក និងឋានសួគ៌ ព្រមទាំងជីវិតប្រចាំថ្ងៃរបស់មនុស្សដែរ។ បច្ចុប្បន្ន ស្ថានភាពរបស់ផ្ទាំងគំនូរទាំងអស់នេះ គឺស្ថិតក្នុងការប្រឈមពុកផុយដែលទាមទារឱ្យមានការជួសជុល និងអភិរក្សឡើងវិញជាបន្ទាន់។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ថ្លែងនៅក្នុងពិធីបើកសម្ពោធការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណនោះថា លោកស្រីក៏ដូចជាពលរដ្ឋកម្ពុជា គឺពិតជាមានមោទនភាពបំផុត ដែលបានចូលរួមក្នុងគម្រោងអភិរក្ស និងជួសជុលផ្ទាំងគំនូរបុរាណដ៏មានតម្លៃ និងកិត្យានុភាព។
លោកស្រី ភឿង សកុណា បានបន្ថែមឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដើម្បីអភិរក្សគំនូរបុរាណនៅក្នុងព្រះវិហារនៃវត្តរាជបូណ៌នេះតាំងតែពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ រដ្ឋមន្រ្តីរូបនេះជឿជាក់យ៉ាងមុតមាំថា ការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារគំនូរដ៏មានអត្ថន័យ និងមានតម្លៃទាំងនេះនៅតែរឹងមាំ។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតសារណរដ្ឋឥណ្ឌា លោកស្រី ដេវីយ៉ានី ខូប្រាកេឌី (Devyani KhoBragade)ក៏មានប្រសាសន៍ដែរថា ការគាំទ្រលើគម្រោងអភិរក្ស និងជួសជុលគំនូរបុរាណក្នុងព្រះវិហារនៃវត្តរាជបូណ៌នេះ គឺឥណ្ឌាមានគោលបំណងស្តារឡើងវិញ ព្រមទាំងពង្រឹងទំនាក់ទំនងវប្បធម៌ ការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក ការគោរព និងការដឹងគុណចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសទាំងពីរ។
គួរឱ្យដឹងដែរថា តាំងពីឆ្នាំ២០០៥ មក អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចអភិរក្ស និងថែរក្សាសំណង់ទាំងឡាយរបស់វត្តរាជបូណ៌ ហើយចាប់ពីឆ្នាំ២០១៤-២០២០ វត្តរាជបូណ៌ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌជាតិកម្ពុជា៕