កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

ប្រធានរដ្ឋសភានឹងចេញធ្វើដំណើរទៅប្រទេសវៀតណាមជាលើកដំបូងនៅចុងខែនេះ

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី នឹងអញ្ជើញធ្វើដំណើរចេញក្រៅប្រទេសជាលើកដំបូងទៅកាន់ប្រទេសវៀតណាមបន្ទាប់ពីសម្ដេចបានឡើងកាន់តំណែងនេះចាប់ពីចុងខែសីហាមក។

ការបញ្ជាក់ពីការធ្វើដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងជំនួបមួយរវាងសម្ដេចសភាធិការធិបតី និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក ង្វៀន ហ៊ុយតាំង ព្រឹកថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភារាជធានីភ្នំពេញ។

សម្ដេចសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ក្នុងជំនួបនោះដោយសង្ឃឹមថាដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនេះនឹងចូលរួមចំណែកដល់ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរីកលូតលាស់បន្ថែមទៀត។

ប្រធានខុទ្ទការល័យសម្ដេចប្រធានរដ្ឋសភាលោក កែវ ពិសិដ្ឋ បានឱ្យអ្នកសារព័ត៌មានដឹងថាសម្ដេចសភាធិការធិបតីនឹងធ្វើដំណើរទស្សនកិច្ចនៅវៀតណាមថ្ងៃទី៣០ ខែវិច្ឆិកានេះ និងបន្តទៅប្រទេសឡាវ ក៏ដូចជាចូលរួមមហាសន្និបាតរវាងថ្នាក់ដឹកនាំសភាប្រទេសកម្ពុជា វៀតណាម ឡាវ (CLV) ដែលនឹងជែកចំបងលើការអភិវឌ្ឍន៍តំបន់ត្រីកោណប្រទេសទាំងបី។

លោកថា៖ «កិច្ចប្រជុំនេះគឺដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាជំរុញឱ្យការអភិវឌ្ឍនៅតំបន់ទាំង៣ហ្នឹងគឺប្រើប្រាស់ឱ្យអស់សក្កានុពលដែលមាន ហើយធ្វើយ៉ាងណាដើម្បីឱ្យមានការផ្លាស់ប្ដូរនូវពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងបីក្នុងតំបន់នៃខេត្តហ្នឹងមានលក្ខណៈងាយស្រួលជាមុនច្រើន។ រាល់ថ្ងៃយើងនៅមានកម្រិតនៅឡើយដូច្នេះមានឧបសគ្គទាក់ទងជាមួយការធ្វើពាណិជ្ជកម្ម ទាំងការងារ និងលំហូរទេសចរណ៍គឺនៅមានឧបសគ្គច្រើន»។

តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវ បានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋមន្ត្រីវៀតណាម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជារួមការជំរុញពាណិជ្ជកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ ថាមពល ការអភិរក្សបរិស្ថាន ធនធានមនុស្ស ការធានាសុវត្ថិភាពសន្តិសុខ និងការទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែនព្រមទាំងការរក្សាតុល្យភាពរវាងការអភិវឌ្ឍន៍និងការប្រើប្រាស់ធនធានធម្មជាតិ ក្នុងខេត្តចំនួន១៣ ព្រំដែនប្រទេសទាំង៣ ក្នុងនោះកម្ពុជាមាន ៤ខេត្ត វៀតណាមមានខេត្តចំនួន ៥ខេត្ត និងឡាវមានខេត្តចំនួន ៤ខេត្ត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក