ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

មន្រ្តីជាន់ខ្ពស់សង្គមកិច្ច ស្នើឱ្យបន្តពង្រឹងកិច្ចសហការ និងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់ជនមានពិការភាព

ភ្នំពេញ៖ តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ស្នើឱ្យបន្តពង្រឹងកិច្ចសហការ និងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់ជនមានពិការភាពព្រមទាំងពង្រឹងភាពអង់អាច និងសមត្ថភាពសមស្របសម្រាប់ជនមានពិការភាព ដើម្បីអាចចាប់យកឱកាសទាំងនោះ ដើម្បីជីវភាព និងជីវិតឯករាជ្យរបស់ជនមានពិការភាព។

ឯកឧត្តម ឯម ច័ន្ទមករា លើកឡើងដូចនេះក្នុងឱកាសអញ្ជើញក្នុងពិធីបើកវេទិកាជាតិស្តីពី “ការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ឆ្នាំ២០២៣ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ក្នុងពិធីបើកវេទិកាជាតិខាងលើនេះ តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា កោតសរសើរចំពោះគំនិតផ្តួចផ្តើមនៃការរៀបចំវេទិកាថ្នាក់ជាតិនេះឡើង ដោយឯកឧត្តមស្នើឱ្យផ្តោតលើកិច្ចការសំខាន់ៗមួយចំនួនរួមមាន ការលើកកម្ពស់ការយល់ដឹងឱកាសការងារ, ការអភិវឌ្ឍន៍អាជីវកម្ម,និងកិច្ចសហប្រតិបត្តិការ ដោយផ្អែកលើការផ្លាស់ប្តូរព័ត៌មានរវាងដៃគូអនុវត្តគម្រោងពិសេសបង្កើតនូវរូបមន្តនៃ “ការណែនាំសម្រាប់ការអនុវត្តល្អបំផុត ”។

ដើម្បីរួមចំណែកដល់ការពិភាក្សាក្នុងវេទិកាថ្នាក់ជាតិស្តីពីមុខរបរនិងការងារប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាពឆ្នាំ២០២៣ នេះ តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានស្នើ និងផ្តល់នូវអនុសាសន៍ ឱ្យត្រូវព្យាយាមធ្វើយ៉ាងណាដើម្បីផ្តល់ឱកាសស្មើគ្នាសម្រាប់ជនមានពិការភាពអាចអនុវត្តនៅក្នុងបរិបទនៃកិច្ចសន្ទនាសង្គមមួយ ដើម្បីរៀបចំឯកសាររួមនៃការអនុវត្តល្អ ដែលអាចបង្ហាញពីរបៀបដែលក្រសួង ស្ថាប័ន ឬវិស័យឯកជន ក្រុមហ៊ុន សហជីពកំពុងធ្វើសមាហរណកម្មជនមានពិការភាពនៅកន្លែងធ្វើការរៀងៗខ្លួន។

ទន្ទឹមនេះ ឯកឧត្តមក៏ស្នើឱ្យ រួមគ្នាជំរុញគោលដៅមួយក្នុងចំណោមគោលដៅដែលបានកំណត់នៅក្រោមសសរស្តម្ភ 'ឱកាសស្មើគ្នា' គឺការធ្វើបរិយាបន្នជនមានពិការភាពចូលទៅក្នុងទីផ្សារការងារដោយ គ្មានការរើសអើង ស្របតាម ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ នាពេលកន្លងមក។

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចរូបនេះក៏ស្នើឱ្យ ចូលរួមកំណត់បញ្ហាប្រឈមទាំងនិយោជក និងនិយោជិតតាំងពីគ្រាដំបូង ហើយបន្តតាមដាន នូវលទ្ធភាពដែលជនមានពិការភាពអាចបម្រើការងារបានរហូតដល់ពួកគេទទួលជោគជ័យនៅកន្លែងធ្វើការ ដើម្បីយល់ឲ្យបានដឹងត្រឹមត្រូវអំពីឧបសគ្គការងាររបស់ជនមានពិការភាព ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដោយដៃគូសង្គមស៊ីវិលត្រូវ រៀបចំគោលបំណងច្បាស់លាស់ ក្នុងការបង្ហាញពីគំនិតផ្តួចផ្តើមវិជ្ជមានដែលបានធ្វើឡើងក្នុងបរិយាកាសការងារធម្មតា ហើយនាំជនមានពិការភាព ឱ្យចាប់អារម្មណ៍ពីសមាជិកការងារ កិច្ចការ កម្មករ និងអ្នកបង្កើតគោលនយោបាយរបស់ពួកគេ។

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា ក៏បានលើកឡើងថា ត្រូវនាំគ្នាគិតពីទម្រង់ផ្សេងៗនៃបរិស្ថានរូបវ័ន្ត ពិសេសផាសុកវត្ថុសមរម្យ សម្រាប់នៅកន្លែងធ្វើការដែលមានជនមានពិការភាព រួមទាំងបរិយាកាសការងារ ការរក្សាការងារ ការបណ្តុះបណ្តាល ការយល់ដឹង អំពីពិការភាពរបស់បុគ្គលិកនានា និងការបណ្តុះបណ្តាលវិជ្ជាជីវៈនិងផ្តល់បទពិសោធន៍ការងារដល់ជនមានពិការភាពផងដែរ និងស្នើឱ្យបន្តពង្រីកនិងពង្រឹងស្មារតីក្នុងការរៀបចំវេទិកាជាតិ “ស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព” ដល់ថ្នាក់ ក្រោមជាតិឱ្យបានកាន់ទូលំទូលាយ។

ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះដៃគូ សហការការងារ និងក្រុមការងាររៀបចំវេទិកាជាតិការងារសម្រាប់ជនមាន ពិការភាពសរុបចំនួន៤លើក ដែលជាផ្តល់ឱកាសវិសេសវិសាលបំផុតក្នុងវិស័យការនិងពិការភាពនៅកម្ពុជា ដោយឯកឧត្តមគូសបញ្ជាក់ថា ការ អញ្ជើញចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នាពេលនេះពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាការឆ្លុះបញ្ចាំងយ៉ាងប្រាកដលើការលើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក