ជណ្តើរត្រីទីមួយនៅកម្ពុជានឹងជួយស្តារការផ្លាស់ទីរបស់ត្រីនិងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អជាមួយបឹងទន្លេសាប
ភ្នំពេញ៖ កម្ពុជាតាមរយៈកិច្ចសហការជាមួយអូស្ត្រាលីបានដាក់ឱ្យប្រើប្រាស់រួមគ្នានូវជណ្តើរត្រីទីមួយនៅកម្ពុជា ស្ថិតនៅភូមិស្លែង ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលនឹងជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អ រវាងបឹងទន្លេសាប និងសហគមន៍មូលដ្ឋាន។
ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា នេះឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Justin Whyatt បានលើកឡើងថា ជណ្ដើរត្រីនេះនឹងជួយលើកកម្ពស់ផលិតភាពត្រីរបស់កម្ពុជាជាមួយនឹងវិធីនេសាទត្រីប្រកបដោយភាពច្នៃប្រឌិត និងកំពុងជួយត្រីនៅកម្ពុជាហែលដោយសេរីជាមួយនឹងជណ្តើរត្រីប្រកបដោយភាពច្នៃប្រឌិត ដែលនឹងជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អ រវាងបឹងទន្លេសាប និងសហគមន៍មូលដ្ឋាន។
ទូតអូស្រ្តាលីបញ្ចាក់ថា៖ «ជណ្តើរត្រីជាដំណោះស្រាយដ៏សំខាន់មួយទៅនឹងបញ្ហាប្រឈមជលផលនានារបស់កម្ពុជា ដោយសារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រ ជាការសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ប៉ុន្តែក៏អាចធ្វើឱ្យប៉ះពាល់ដល់ផ្លូវទឹក និងរំខានដល់ការផ្លាស់ទីរបស់ត្រីផងដែរ»។
ជណ្តើរត្រីភូមិស្លែងនឹងផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងសុខុមាលភាពសង្គម ក៏ដូចជាសេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន ដែលពឹងផ្អែកលើត្រីជាប្រភពអាហារ និងប្រាក់ចំណូល៕