ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ដើម្បីជាការជំរុញ និងតម្រង់ទិសឆ្ពោះទៅកាន់ការកសាងរដ្ឋាភិបាលឌីជីថល។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សូកេន និង រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត ព្រមទាំងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត ភក្ត្រា បានអញ្ជើញក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងទាំង៣ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ ក្រោមឱវាទក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ លោក ជា វ៉ាន់ដេត បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលបានចូលរួមចំណែកមួយផ្នែកធំការជំរុញ និងទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា និងបានសំដែងនូវ ការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្រ «បង្កើន៥ និងអភិវឌ្ឍ៣ របស់ក្រសួងទេសចរណ៍ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ខណៈកិច្ចព្រមព្រៀងនេះ ពិតជាបានបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការលើកកម្ពស់បរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ដែលជាអាទិភាព យុទ្ធសាស្ត្រមួយរបស់ក្រសួងទេសចរណ៍។
ជាមួយគ្នានេះ រដ្ឋមន្រ្តីទេសចរណ៍ បានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺមានសារៈសំខាន់ក្នុងការជួយក្រសួងទេសចរណ៍ ដើម្បីផ្ទៀងផ្ទាត់និងបញ្ជាក់ភាពត្រឹមត្រូវនៃ ឯកសារឌីជីថលដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
លោកបន្ថែមថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ អ៊ីនធឺណិតល្បឿនលឿននៅក្រសួងទេសចរណ៍ គឺជាកត្តាសំខាន់បម្រើដល់ការគ្រប់គ្រង ផ្លាស់ប្តូរព័ត៌មាន និង ទិន្នន័យផ្ទៃក្នុងរបស់ក្រសួងជាមួយមន្ទីរទេសចរណ៍ទូទាំងរាជធានី-ខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការតាម ដាន វាយតម្លៃ និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព។ លើសពីនេះ ការបណ្ដុះបណ្តាលសមត្ថភាពជំនាញ ឌីជីថលជូនដល់មន្ត្រីរាជការក្រសួងទេសចរណ៍ គឺជាកត្តាគន្លឹះដ៏សំខាន់ក្នុងការធានាឱ្យមន្ត្រីរាជការមានចំណេះ និងជំនាញឌីជីថល ដើម្បីឆ្លើយតបនឹងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្ដេជ្ញាបន្តកិច្ចសហការឱ្យកាន់តែប្រសើរឡើង ព្រមទាំងផ្តល់ការគាំទ្រ ក្រុមការងារបច្ចេកទេសបំពេញការងារក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដូចមានកំណត់ក្នុងទំនុស្សារណៈនៃការ យោគយល់នេះ ឱ្យបានសម្រេចជាផ្លែផ្កាបម្រើដល់វិស័យទេសចរណ៍កម្ពុជា និងបន្តជ្រោមជ្រែងកំណើនសេដ្ឋកិច្ចជាតិ។
គួរឱ្យដឹងដែរថា សម្រាប់បច្ចេកវិទ្យា គឺជាអាទិភាពគន្លឹះទី៥ និងជាមុំថ្មីបន្ថែមនៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ហើយការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល គឺជាកិច្ចការអាទិភាពទី១ នៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានគោលដៅផ្តោតលើការដឹកនាំការធ្វើបរិវត្តកម្មឌីជីថល ដោយរដ្ឋាភិបាលធ្វើជាគំរូ និងដឹកមុខ ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណជូនប្រជាជន និងវិស័យឯកជន ព្រមទាំងការពង្រឹងអភិបាលកិច្ចផ្អែកលើទិន្នន័យ៕