ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សោកនាដកម្មប្រជៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង៦នាក់ទៀតរងរបួស មុនថ្ងៃចូលឆ្នាំចិន | UPDATE: ចំនួនអ្នកស្លាប់ពីការប្រជ្រៀតយកអាំងប៉ាវ កើនឡើងដល់៤នាក់ ខណៈអ្នកស្លាប់នឹងទទួលថវិកាម្នាក់១៥លានរៀល និងអ្នករបួស ៤លានរៀល | ទស្សនាការផ្សាយផ្ទាល់៖ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន |

«អង្ករកម្ពុជា» បានដឹកទៅដល់កំពង់ផែឥណ្ឌូណេស៊ីជើងដំបូងជាផ្លូវការ

ភ្នំពេញ៖ អង្ករកម្ពុជាចំនួន៣៥០០តោន បានដឹកទៅដល់ប្រទេសកំពង់ផែឥណ្ឌូណេស៊ីជើងដំបូងហើយ បន្ទាប់ពីចរចាបើកទីផ្សារបានសម្រេចកាលពីខែសីហា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី០២ ខែវិច្ឆិកា នេះបើកទូរកុងតឺន័រជាផ្លូវការ។

បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ កម្ពុជាបាននាំចេញអង្ករទៅប្រទេសឥណ្ឌណេស៊ីជើងទី១នេះ មានចំនួន ៣៥០០តោន ជើងទី២បានចេញដំណើរកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ចំនួន៣០០០តោន ហើយជើងទី៣ ចំនួន៣៥០០តោន នឹងចេញដំណើរនៅថ្ងៃ០៥ ខែ១១ ឆ្នាំ២០២៣។ អ្នកនាំពាក្យបានគូសបញ្ជាក់ថា អង្ករកម្ពុជាទម្រាំដឹកទៅដល់ប្រទេសឥណ្ឌូណេស៊ី គឺប្រើរយៈពេល១៨ថ្ងៃ ដោយអាស្រ័យលើកំពង់ផែដែលត្រូវទៅ។ 

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានថ្លែងឱ្យដឹងថា សមិទ្ធផលជំហានដំបូងនេះគឺបានមកពីការខិតខំប្រឹងប្រែងក្នុងការចរចាបើកទីផ្សារ និងជំរុញការនាំចេញរហូតបានសម្រេច តាមរយៈការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងការចូលរួមពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏ដូចជាវិស័យឯកជនជាដៃគូ គឺសហព័ន្ធស្រូវអង្ករកម្ពុជា។

បើតាមរដ្ឋលេខាធិការ កិច្ចខំប្រឹងប្រែងទាំងអស់នេះ ធ្វើឡើងស្របទៅតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ផ្ដោតលើការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ ដែលផ្ដោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែមខ្ពស់ ជំរុញភាពប្រកួតប្រជែង និងលើកកម្ពស់គុណភាពជីវភាពប្រជាជននៅទីជនបទ។

រដ្ឋលេខាធិការថ្លែងថា៖ «អ្វីៗទាំងអស់ដែលយើងប្រឹងប្រែងរួមគ្នាធ្វើនាពេលនេះ មានគោលដៅសំខាន់ចុងក្រោយបំផុត គឺផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់បងប្អូនពូមីងដែលជាប្រជាកសិករឲ្យសក្តិសមទៅនឹងការហត់នឿយរបស់ពួកគាត់ ការឈានទៅមុខនៃវិស័យកសិកម្មកម្ពុជា ក៏ដូចជាជោគជ័យនៃកិច្ចសហការរួមគ្នារវាងវិស័យរដ្ឋនិងឯកជន ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា»។

គួរបញ្ជាក់ឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី និងកម្ពុជា បានឯកភាពគ្នាក្នុងការនាំចូលអង្ករពីកម្ពុជាសម្រាប់ផ្គត់ផ្គង់ដល់ប្រទេសឥណ្ឌូណេស៊ីដើម្បីធានាសន្តិសុខស្បៀង។ ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមាន Jakarta Merdeka កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ឱ្យដឹងថាប្រទេសភាគីទាំងពីរបានឯកភាពឱ្យមានការរៀបចំឡើងវិញនូវអនុស្សារណនៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងបរិមាណអង្កររហូតដល់ ២៥០ ០០០តោនក្នុងរយៈពេលមួយឆ្នាំ សម្រាប់សុពលភាព ៤ឆ្នាំ ដោយចាប់ផ្តើមនៅឆ្នាំ២០២៤ តទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក