អ៊ីស្រាអែល៖ មន្រ្តីជំនាញរបស់ក្រសួងសុខាភិបាលអ៊ីស្រាអែលបានបង្ហាញនូវមតិយោបល់ណែនាំទៅកាន់រដ្ឋាភិបាល សម្រាប់ការបន្ថយកម្រិតអាយុរបស់ពលរដ្ឋដែលអាចទទួលបានវ៉ាក់សាំងដូសទី៣ ឬដូសជំរុញបាន ពីការកម្រិតអាយុចាប់ពី៦០ ឆ្នាំឡើងទៅ មកនៅត្រឹមអាយុចាប់ពី ៥០ឆ្នាំឡើងទៅវិញ។ ការប្រកាសរបស់មន្រ្តីជំនាញសុខាភិបាលអ៊ីស្រាអែលនេះ បានធ្វើឡើងក្នុងគោលបំណងសង្ឃឹមថានឹងអាចទប់ស្កាត់ការឆ្លងរាលដាលនូវបណ្តាប្រភេទវីរុសបំលែងខ្លួនថ្មីផ្សេងៗ។
ការផ្លាស់ប្តូរមតិយោបល់នៃការកម្រិតអាយុនេះ បានធ្វើឡើងក្រោយមានការអំពាវនាវឱ្យពិនិត្យឡើងវិញពីនាយករដ្ឋមន្រ្តីលោក Naftali Bennett ប៉ុន្តែយ៉ាងណាមិញ ផែនការនេះនៅតែតម្រូវឱ្យមានការអនុម័តពីរដ្ឋមន្រ្តីសុខាភិបាលជាមុនសិន។
ទោះជាបែបនេះក្តី ក៏មានស្ថាប័នសុខាភិបាលធំៗចំនួន ២ ដែលទទួលបន្ទុកកិច្ចការវ៉ាក់សាំងនេះបានបញ្ជាក់ថា ផែនការដែលលើកឡើងដោយនាយករដ្ឋមន្រ្តីខាងលើនេះ នឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃសុក្រសប្តាហ៍នេះទៅតែម្តង ពោលគឺការផ្តល់វ៉ាក់សាំងនេះនឹងផ្តល់ឱ្យប្រជាជនដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ បានទទួលនូវវ៉ាក់សាំងដូសទី៣របស់ខ្លួន ដែលជាវ៉ាក់សាំងប្រភេទ Pfizer BioNTech។
គួរបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីបានចាប់ផ្តើមយុទ្ធនាការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួននៅចុងឆ្នាំ ២០២០ កន្លងមក អ៊ីស្រាអែល ហាក់មានការជោគជ័យជាខ្លាំងក្នុងការគ្រប់គ្រងកូវីដ-១៩ក្នុងប្រទេស ដោយចំនួនអ្នកឆ្លងច្រើនជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃកាលពីខែមករា ត្រូវធ្លាក់ចុះមកដល់ខ្ទង់រាយនៅក្នុងខែមិថុនា។ ប៉ុន្តែក្រោយពីមានការផ្ទុះឡើងនូវកូវីដ-១៩ ប្រភេទដែលតានេះ អ៊ីស្រាអែលចាប់ផ្តើមមានអ្នកឆ្លងហក់ឡើងខ្ពស់វិញ ពោលគឺចំនួនអ្នកឆ្លងបានកើនឡើងដល់ជិត ៦,០០០នាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
រដ្ឋាភិបាលអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការផ្តល់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣របស់ខ្លួនកាលពី ២សប្តាហ៍មុន ដោយផ្តោតលើគោលដៅនៃប្រជាជនដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ បច្ចុប្បន្នយុទ្ធនាការផ្តល់វ៉ាក់សាំងដូសទី៣នេះ បានផ្តល់ជូនប្រជាជនអាយុលើសពី ៦០ឆ្នាំរបស់អ៊ីស្រាអែលជាង ៧០ម៉ឺននាក់ហើយ៕