ភ្នំពេញ៖ គិតចាប់ពីមករា រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅទីផ្សារចិនបានជាងចំនួន ១១ ៤០៣,២៣តោន ហើយបើគិតចាប់ពី២៧ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅប្រទេសចិន មានចំនួនសរុប ១៤ ៣៤៥,៧៤តោន។
នេះបើតាមការឱ្យដឹងពី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា ដោយបញ្ជាក់ថានៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២កន្លងមក ជាថ្ងៃដែលក្រសួងកសិកម្ម និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានសម្ពោធជាផ្លូវការក្នុងការនាំចេញផ្លែមៀនស្រស់ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។
រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា មួយឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានកសិកម្ម បានចុះបញ្ជីចម្ការមៀន និងរោងចក្រវេចខ្ចប់សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន បានចំនួន ៩៧ក្រុមហ៊ុន/ម្ចាស់ចម្ការ និង ១២រោងចក្រវេចខ្ចប់ និងទទួលបានការអនុម័តទទួលស្គាល់ជាផ្លូវការពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC)។
បើតាមរដ្ឋលេខាធិការ កម្ពុជាក្រៅពីការនាំចេញទៅកាន់ទីផ្សារប្រទេសចិន សហគ្រាសនៅកម្ពុជាកំពុងកែច្នៃផ្លែមៀនស្រស់របស់ខ្មែរ ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន ដែលមានដាក់លក់នៅតាមផ្សារទំនើបនានានៅក្នុងប្រទេស។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តលើកទឹកចិត្ត និងគាំទ្រសហគ្រាសទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងការកែច្នៃផលិតផលកសិកម្មខ្មែរឲ្យមានតម្លៃបន្ថែមខ្ពស់ ហើយក្រសួងនឹងសហការជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ និងរុញផលិតផលដែលមានគុណភាពទាំងអស់នេះ ទៅកាន់ទីផ្សារពិភពលោក៕







