ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

គ្រួសារងាយរងគ្រោះបំផុតចំនួន ៣គ្រួសារនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងទទួលបានផ្ទះពីថ្មថ្មី ជាព្រះរាជអំណោយរបស់ហ្លួងម៉ែ

កំពង់ឆ្នាំង៖ ផ្ទះថ្មថ្មី ៣ខ្នង ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ជូនប្រជានុរាស្ត្រ ៣គ្រួសារ រស់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ពិធីសម្ពោធប្រគល់-ទទួលផ្ទះខាងលើនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រី យុវជន នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសជួបសំណេះសំណាលជាមួយម្ចាស់ផ្ទះនីមួយៗ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសុភ័គ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង ៣ខ្នង និងបានជម្រាបជូនថា៖ «កាកបាទក្រហមកម្ពុជា បានទទួលនូវព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ»។

លោកស្រីថ្លែងឱ្យដឹងទៀតថា បន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់សហការី ចុះពិនិត្យជ្រើសរើសគ្រួសារដែលជាមុខសញ្ញាងាយរងគ្រោះបំផុតរបស់កាកបាទក្រហមកម្ពុជា និងទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ។ ជាក់ស្តែង នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រុមការងារកាកបាទក្រហមកម្ពុជា បានពិនិត្យឃើញថា មានគ្រួសារងាយរងគ្រោះបំផុតចំនួន ៣គ្រួសារ ហើយដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចសាងសង់ជូន និងប្រគល់ជូននាថ្ងៃនេះ។

ជាមួយគ្នានេះ លោកស្រី ម៉ែន នារីសុភ័គ ក៏បាននាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះទាំងអស់ ឱ្យយកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការរស់នៅ លុបបំបាត់ជម្រកសត្វមូស និងសម្រាកក្នុងមុងជានិច្ច ដើម្បីបង្ការជំងឺគ្រុនឈាម-គ្រុនចាញ់ និងផឹកទឹកឆ្អិនជានិច្ចដើម្បីជៀសផុតពីជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះ ត្រូវឧស្សាហ៍ព្យាយាម ដាំដំណាំ បន្លែបង្ការជុំវិញផ្ទះ ដើម្បីជួយសម្រាលជីវភាពគ្រួសារ ហើយជាពិសេសសូមថែរក្សាផ្ទះថ្មីនេះឱ្យបានល្អ គង់វង្ស ជាទ្រព្យសម្បត្តិតរៀងទៅ។

គួរឱ្យដឹងដែរថា ផ្ទះទាំងបីខ្នងខាងលើនេះប្រើពេលវេលាសាងសង់អស់រយៈពេល ១ខែ ដែលត្រូវបានប្រគល់ជូន ម្ចាស់ផ្ទះទី១គឺ លោកយាយ កែ យី អាយុ ៦៧ឆ្នាំ ជាចាស់គ្មានទីពឹង (ពិការជើងម្ខាងដោយសារមីន) រស់នៅភូមិពារាំង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានផ្ទះ ១ខ្នង ដែលសរុបតម្លៃចំនួន ៦ ៥០០ដុល្លារ។

ម្ចាស់ផ្ទះទី២ អ្នកស្រី ឡឹម ញ៉ឹប អាយុ ៤៧ឆ្នាំ ជាស្រ្តីមេម៉ាយក្រីក្រ មានកូន ៣នាក់ក្នុងបន្ទុក រស់នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានផ្ទះ១ខ្នង សរុបតម្លៃចំនួន ៧ ០០០ដុល្លារ។ ម្ចាស់ផ្ទះទី២ នេះ ទទួលបានផ្ទះមានទំហំធំជាងគេ ដោយសារថា មានសមាជិកច្រើន គឺមានកូនក្នុងបន្ទុកគ្រួសារចំនួន ៣នាក់។

ម្ចាស់ផ្ទះទី៣ លោកយាយ គ្រែក ហ៊ី អាយុ ៧៥ឆ្នាំ ជាចាស់ឥតទីពឹង រស់នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានផ្ទះ ១ខ្នង សរុបតម្លៃចំនួន ៦៥០០ដុល្លារ។

ក្នុងនោះក៏មាន អំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន អង្ករ ១០០គីឡូក្រាម មី ៤កេស ត្រីខ ៤០កំប៉ុង ទឹកស៊ីអ៊ីវ ១២ដប ទឹកត្រី ១២ដប ទឹកក្រូច ២កេស ទឹកសុទ្ធ ២កេស សម្ភារៈផ្ទះបាយ ១ឈុត និងថវិកា ៥០ម៉ឺនរៀល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក