នាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន ៦រូប ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន
កំពង់ស្ពឺ៖ នាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួន ៦រូប ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ត្រី អេង ហ៊ី។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួនគឺជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
រហូតដល់ថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែឆ្នាំដដែល កម្លាំងមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានស្តាប់ចម្លើយជនសង្ស័យដែលពាក់ព័ន្ធទាំង ៦រូបនោះដោយជនសង្ស័យបានសារភាពថា ពួកខ្លួនពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។
បើតាមអ្នកនាំពាក្យ លទ្ធផលធ្វើតេស្តរកសារធាតុញៀនលើបុគ្គលសង្ស័យទាំង ៦រូបនោះ ពុំមានផ្ទុកសារធាតុញៀនឡើយ។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា មន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុងបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ «ការសម្ងាត់នៃការស៊ើបអង្កេត»។
លោកថ្លែងថា៖ «ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោក «ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»៕