វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា៖ កម្ពុជាកំពុងអនុវត្តយ៉ាងពេញលេញនូវអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តបានយ៉ាងពេញលេញនូវអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព ដោយកំពុងចាត់គ្រប់វិធានការណ៍ ដើម្បីប្រែក្លាយសិទ្ធិដែលមានចែងក្នុងអនុសញ្ញាឱ្យក្លាយជាការពិត ដើម្បីធានានិងលើកស្ទួយសមិទ្ធផលពេញលេញ នូវសិទ្ធិមនុស្ស និងសេរីភាពជាសារវន្តទាំងអស់សម្រាប់ជនមានពិការភាព ដោយគ្មានការរើសអើងចំពោះជនមានពិការភាពណាមួយឡើយ រួមទាំងស្រ្តីនិងកុមារមានពិការភាព។ នេះជាការលើកឡើងរបស់តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌» ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ៍ ទី៣១ ខែតុលា ឆ្នាំ២០២៣នេះ តំណាងរដ្ឋមន្ត្រីសង្គមកិច្ច លោក ឯម ច័ន្ទមករា បានលើកឡើងថា បន្ទាប់ពីក្លាយទៅជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព កម្ពុជាបានធ្វើការងារជាបន្តបន្ទាប់ដើម្បីជំរុញដល់សិទ្ធិជនមានពិការភាពនៅកម្ពុជា។ ក្រៅពីនេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសហការជាមួយដៃគូអភិវឌ្ឍនានា រួមទាំងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ដើម្បីបង្កើន ការយល់ដឹងអំពីការងារពិការភាព សេវាជំនួយផ្លូវច្បាប់ដល់មន្ត្រីយុត្តិធម៌ និងជនមានពិការភាព សំដៅធានាដល់ការទទួលស្គាល់ភាពស្មើគ្នាចំពោះ មុខច្បាប់ ការទទួលបានយុត្តិធម៌ សិទិ្ធសេរីភាព និងសន្តិសុខបុគ្គល ព្រមទាំងសិទ្ធិចាកផុតពីការធ្វើបាបឬការធ្វើអំពើ ឃោរឃៅអមនុស្សធម៌ ឬបន្ទាបបន្ថោក ឬការដាក់ទារុណកម្មលើជនមានពិការភាពជាដើម។

តំណាងលោករដ្ឋមន្ត្រីសង្គមកិច្ច លោក ឯម ច័ន្ទមករា បន្ថែមថា៖ «យើងត្រូវរួមគ្នាផ្តល់នូវសេរីភាពដល់ជនមានពិការភាពឱ្យចាកផុតពីការកេងប្រវ័ញ្ច អំពើហឹង្សា និងការរំលោភបំពាន រួមទាំងផ្តល់កិច្ចការពារសុចរិតភាពនៃបុគ្គល សិទ្ធិសេរីភាពនៃការផ្លាស់ប្តូរទីលំនៅ សញ្ជាតិ ការរស់នៅដោយឯករាជ្យ និងការធ្វើបរិយាបន្នជនមានពិការភាពទៅក្នុងសហគមន៍ និងគ្រប់វិស័យផងដែរ»

តំណាងរដ្ឋមន្ត្រីសង្គមកិច្ច លោក ឯម ច័ន្ទមករា ក៏បានបន្ថែមផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានការពារនូវសិទ្ធិក្នុងការចល័តទីផ្ទាល់ខ្លួនរបស់ជនមានពិការភាព ហើយបានផ្តល់នូវសេរីភាពនៃការបញ្ចេញមតិយោបល់ រួមទាំងសិទ្ធិក្នុងការធ្វើជាម្ចាស់ក្នុងអចលនទ្រព្យ ឬសន្តតិកម្ម ដែលមានសិទ្ធិត្រួតពិនិត្យកិច្ចការហិរញ្ញវត្ថុផ្ទាល់ខ្លួន សិទ្ធិទទួលបានការចុះបញ្ជីអត្រានគោលដ្ឋាន អត្តសញ្ញាណបណ្ណ និងបណ្ណបើកបរជាដើម។

បន្ថែមលើសពីនេះ ជនមានពិការភាពកម្ពុជាក៏មានសិទ្ធិទទួលបានព័ត៌មាន សិទ្ធិទទួលការគោរពសិទ្ធិជាបុគ្គល ការគោរពលំនៅដ្ឋាន និងគ្រួសារ សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលការមើលថែសុខភាព និងស្តារលទ្ធភាពពលកម្ម សិទ្ធិទទួលបានការងារនិងមុខរបរ ដើម្បីមានជីវភាពសមរម្យ រួមទាំងកិច្ចគាំពារសង្គមដែលកំពុងត្រូវបានអនុវត្ត។

តំណាងលោករដ្ឋមន្ត្រីសង្គមកិច្ចថា៖ «ជារួមជនមានពិការភាពនៅកម្ពុជា ទទួលបានសិទ្ធិយ៉ាងពេញលេញ ដូចមានចែងក្នុងច្បាប់ និងអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងបានបញ្ចូលទាំងសិទ្ធិចូលរួមក្នុងជីវភាពនយោបាយ និងសាធារណៈដែល ធ្វើឱ្យជនមានពិការភាពរស់នៅក្នុងសង្គម មានសមភាពចំពោះមុខច្បាប់ ដូចជនដែលមិនមានពិការភាព»

គួរឲ្យដឹងផងដែរថា ព្រះរាជាណាចក្រកម្ពុជាយើងក៏បានផ្ដល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ និងចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក