រាជរដ្ឋាភិបាលកម្ពុជា សម្រេចដកហូតទីតាំងវិនិយោគតំបន់ចុងឃ្នៀស ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន
សៀមរាប: កាលពីថ្មីនេះរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសលើបញ្ហានៃការអនុវត្តគម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍តំបន់ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង នៅខេត្តសៀមរាប សម្រេចដកហូតទីតាំងវិនិយោគប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន។
ក្នុងសេចក្ដីប្រកាសបានបន្តទៀតថា ១, ត្រូវលុបគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង ២, ដកហូតទីតាំងវិនិយោគតំបន់ចុងឃ្នៀស ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ដើម្បី គ្រប់គ្រងជាបណ្តោះអាសន្ន ៣, រាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានានៅលើទីតាំងវិនិយោគ ស្ថិតនៅតំបន់ចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ ៤, បង្កើតគណៈកម្មការអន្តរក្រសួងមួយ ដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីតំណាងទីស្ដីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នជំនាញពាក់ព័ន្ធដើម្បីត្រៀមដោះស្រាយជាយថាហេតុអំពីសំណើសុំទូទាត់សំណងគម្រោងវិនិយោគរបស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន ដោយឈរលើគោលការណ៍យុត្តិធម៌ សមធម៌ តម្លាភាព និងគណនេយ្យភាព ជាមួយនឹងការទូទាត់បំណុលពន្ធរបស់ក្រុមហ៊ុន៕