កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

កងទ័ពមួកខៀវ ៥៣នាក់ ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN នៅម៉ាលី

ភ្នំពេញ៖ កងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ចំនួន ៥៣នាក់ បានធ្វើមាតុភូមិននិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយសម្រេចបាននូវជោគជ័យ នៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋម៉ាលី។

ពិធីនេះមានការទទួលស្វាគមន៍ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ សីហា និង អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក ចូសិហ្វ ស៊ូអើ (Joseph Scheuer) ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអនុព័ន្ធយោធាប្រទេសជាមិត្តមួយចំនួនទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP) នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានកោតសសើរយ៉ាងខ្លាំងចំពោះភាពជោគជ័យ និងស្នាដៃដ៏ត្រចេះត្រចង់របស់កម្លាំងកងទ័ពមួកខៀវកម្ពុជា ដែលបានសម្រេចការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌សម្រាប់មនុស្សជាតិលើពិភពលោក។

អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម លោក សែម សុវណ្ណនី បានឱ្យដឹងថា ដោយផ្អែកលើស្នាដៃដែលកម្ពុជា ទទួលបាននៅក្នុងតំបន់ អ.ស.ប បានផ្តល់ទំនុកចិត្តស្នើសុំឱ្យកម្ពុជាបញ្ជូនមួយកងអនុសេនាធំវិស្វកម្ម ព្រលានយន្តហោះ និងមួយកងអនុសេនាធំកម្ទេចគ្រឿងផ្ទុះ ដើម្បីចូលរួមគាំទ្រដល់ដំណើរការសន្តិភាព ក្នុងប្រទេសម៉ាលី បេសកកម្មកន្លងមកកងយោធពលខេមរភូមិន្ទ បានបើកទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតលើផ្នែករក្សាសន្តិភាព អ.ស.ប តាមរយៈការបោះជំហានចូលទៅក្នុងទឹកដីប្រទេសម៉ាលី កាលពីខែកុម្ភៈ ឆ្នាំ២០១៤ បានបោះទីតាំងឈរជើងនៅចំនួន០៣តំបន់ធំៗ គឺ KIDAL TESSALIT និង GAO ក្នុងបេសកកម្មនេះ គិតតាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ចូនកងកម្លាំងសរុបចំនួន ២ ៧២៥នាក់ ក្នុងនោះមាននារីចំនួន ១៩៣នាក់។

លោកបានឱ្យដឹងទៀតថា រយៈពេល ៩ឆ្នាំមកនេះ កងវិស្វកម្មព្រលានយន្តហោះ បានបោះទីតាំងឈរជើងនៅក្នុងតំបន់ KIDAL និង TESSALI បានជួបស្ថានការណ៍អសន្តិសុខ បង្កឡើងដោយតួអង្គរដ្ឋ និងតួអង្គមិនមែនរដ្ឋ ដូចជាការប្រើប្រាស់គ្រឿងផ្ទុះកែច្នៃ ការបំពាក់គ្រាប់បែកអត្តឃាតលើរថយន្ត និងមនុស្ស ព្រមជាមួយអសន្តិសុខ បង្កឡើងដោយគ្រោះធម្មជាតិនានា ដូចជាព្យុះខ្សាច់សាហារ៉ា និងជំងឺឆ្លងផ្សេងៗ។

ជាមួយគ្នានេះ លោក ចូសិហ្វ ស៊ូអើ បានថ្លែងអំណរគុណចំពោះយុទ្ធជន យុទ្ធនារី រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានរួមចំណែកក្នុងបុព្វហេតុរួម ដើម្បីសម្រេចបាននូវសន្តិភាពនៅលើពិភពលោក និងសូមស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍មកកាន់ស្រុកកំណើត។កោតសសើរសមាជិកនៃកងវិស្វកម្មលេខ៧២៩ ដែលបានចូលរួមនៅក្នុងប្រពៃណីទំនៀមទំលាប់កម្ពុជា ដែលមានភាពក្លាហាន និងមានមោទនភាពក្នុងបុព្វហេតុរក្សាសន្តិភាពអង្គការសហប្រជាជាតិជាមួយយោធិនកម្ពុជា ដែលបានបំពេញភារកិច្ចនៅតាមបណ្ដាប្រទេសជាច្រើន។

គួរឱ្យដឹងដែថា បេសកកម្មរក្សាសន្តិភាព នៅក្នុងប្រទេសម៉ាលី (ហៅកាត់ MINUSMA) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខ អ.ស.ប តាមសេចក្តីសម្រេចលេខ២១០០ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ ក្នុងគោលបំណងដើម្បីគាំទ្រដំណើរការនយោបាយ និងអនុវត្តរាល់ភារកិច្ចពាក់ព័ន្ធនឹងសន្តិសុខនៅក្នុងប្រទេសម៉ាលី បេសកកម្មនេះត្រូវបានបង្កើតឡើងតាមការស្នើសុំផ្ដល់ការគាំទ្រដល់អាជ្ញាធរបណ្តោះអាសន្ន ដើម្បីស្ថិរភាពក្នុងប្រទេស និងការអនុវត្តផែនទីតម្រង់ទិសអន្តរកាលបេសកកម្ម MINUSMA មានការចូលរួមពីប្រទេសបរិច្ចាគកងកម្លាំងទាំងយោធា នគរបាល និងស៊ីវិលសរុបចំនួន ១៥ ៧៧៩នាក់ មកពី ៥៦ប្រទេស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក