ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ភាពរីកចម្រើនរបស់ប្រទេសមិនមែនសំដៅទៅលើអគារខ្ពស់ៗនោះទេតែគឺជាចំណូលរបស់ប្រជាពលរដ្ឋ។
សម្ដេចបានថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ នេះថា ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងគឺជាដល់គោលដៅរបស់រាជរដ្ឋាភិបាលហើយចំណូលរបស់ប្រជាពលរដ្ឋនេះហើយទើបអាចវាយតម្លៃថាប្រទេសជាតិរីកចម្រើនទៅបាន។
សម្ដេចថា៖ «ជំរុញនូវចំណូលរបស់ប្រជាពលរដ្ឋឲ្យឈានឡើងទើបប្រទេសយើងអាចរីកចម្រើនបាន»។
សម្ដេចបន្ថែមថា កម្ពុជាសុខចិត្តដាក់ទិសដៅឲ្យខ្ពស់ដើម្បីឲ្យខិតខំប្រឹងធ្វើការធ្វើឲ្យសម្រេចនូវគោលដៅនេះ។
កម្ពុជាមានគោលដៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែលជាការប្ដេជ្ញាចិត្តមួយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើការនិងជំរុញឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបាននៅក្នុងឆ្នាំទាំងនេះ៕