លោក ស៊ុន ចាន់ថុល ស្នើជប៉ុនឱ្យរៀបចំបង្កើតកម្មវិធីនានាដើម្បីទាក់ទាញវិនិយោគិនមកវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ស្នើសុំឱ្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំបង្កើតកម្មវិធីនានា ដើម្បីទាក់ទាញវិនិយោគិន និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីភាពវិជ្ជមានលើកិច្ចការងារវិនិយោគ និងការលើកទឹកចិត្តផ្សេងៗរបស់កម្ពុជា ពន្យល់ជូនទៅកាន់វិនិយោគិនដែលមានសក្តានុពលក្នុងប្រទេសជប៉ុន។
លោក ស៊ុន ចាន់ថុល លើកឡើងដូចនេះក្នុងកិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន គ្របដណ្តប់លើវិស័យការងារ ពន្ធដារ ភស្ដុភារកម្ម ថាមពល និងពាណិជ្ជកម្ម ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា លោក អ៊ូអ៊ីណូ អាតស៊ូហ្ស៊ី និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជាកិច្ចចាប់ផ្ដើម លោក ស៊ុន ចាន់ថុល បានថ្លែងអរគុណជូនចំពោះវិនិយោគិនជប៉ុនទាំងអស់ដែលបានពង្រឹង និងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីការផ្តល់នូវសេចក្តីទុកចិត្តពីសំណាក់វិនិយោគិនបរទេសនិយាយជារួម និយាយដោយឡែកវិនិយោគិនជប៉ុនមកលើរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការច្បាមយកកាលានុវត្តភាពជាអតិបរមាពីកត្តាសុខសន្តិភាព ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បរិស្ថានវិនិយោគដែលមានភាពអនុគ្រោះ និងរបបវិនិយោគដែលបើកចំហអំណោយផលសម្រាប់ការវិនិយោគ និងធានាបាននូវភាពប្រកួតប្រជែង។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតជប៉ុនក៏បានបង្ហាញនូវជំនឿជឿជាក់ថាវត្តមានរបស់លោក ស៊ុន ចាន់ថុល នឹងបន្តចូលរួមពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីស្តីពីការជំរុញ និងទាក់ទាញវិនិយោគប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។
ទន្ទឹមនឹងនេះ លោកក៏បានវាយតម្លៃខ្ពស់ជូនចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលកន្លងមកបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពរនានារបស់វិនិយោគិនជប៉ុន។
អង្គប្រជុំបានចាប់ផ្ដើមជជែកពិភាក្សាលើបញ្ហាប្រឈម និងសំណើសុំនានារបស់វិស័យឯកជន ហើយជាលទ្ធផលក៏ទទួលបាននូវដំណោះស្រាយជាវិជ្ជមាន ដើម្បីជម្រុញកិច្ចសហការយូរអង្វែងបន្តទៀតរវាងភាគីរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន។
គួរឱ្យដឹងដែរថា កិច្ចប្រជុំទ្វេភាគីនេះគឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគដែលត្រូវបានរៀបចំឡើងចាប់តាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោអតីតនាយករដ្ឋមន្រ្តី និងអតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។ ប្រធានបទដែលត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំលើកទី២៦នេះ មានវិសាលភាពគ្របដណ្តប់លើវិស័យការងារ ពន្ធដារ ភស្ដុភារកម្ម ថាមពល និងពាណិជ្ជកម្ម៕