ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុញ្ញាតឱ្យលោក ស្កាល់ ចូរ៉ន ប៊ីចឡោវើត៍ (Pascal Jeroen BIJLEVELD) អគ្គនាយកកម្មវិធី ATscale ចូលជួបសំដែងការគួរសម និងជម្រាបពីគោលបំណងនៃការបង្កើតនូវគម្រោង ក៏ដូចជាលើកជាសំណូមពរមួយចំនួនផងដែរ។
ក្នុងជំនួបនោះលោក ប៉ាស្កាល់ បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា ATscale ត្រូវបានបង្កើតក្នុងគោលបំណងជួយស្ដារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាព ជាពិសេសបញ្ហាភ្នែក និងផ្នែកបច្ចេកវិទ្យា។ លោកបានលើកពីបំណងមួយរបស់លោកដែលចង់ឲ្យជនមានពិការភាពភ្នែកអាចមានលទ្ធភាពក្នុងការប្រើប្រាស់ទូរសព្ទស្មាតហ្វូនបាន។
លោក ប៉ាស្កាល់ បានបន្ថែមថា ATscale គឺជាកម្មវិធីមួយរបស់សហរដ្ឋអាមេរិកដែលធ្វើការជាមួយនឹងអង្គការសហប្រជាជាតិ។ គម្រោងនេះបានចាប់ផ្ដើមក្នុងរយៈពេលប្រហែលមួយឆ្នាំហើយនិងសង្ឃឹមថាក្នុងរយៈពេល ២ឆ្នាំទៅមុខទៀតមានការអនុវត្តន៍នូវគម្រោងមានភាពរលូនជាមួយនឹងរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី មានប្រសាសន៍ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ ATscale ដែលបានជួយមកដល់កម្ពុជាតាមរយៈក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច និងក្រុមប្រឹក្សាសកម្មភាពជនពិការ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច នឹងខិតខំធ្វើកិច្ចការងារសម្របសម្រួលគ្នាពាក់ព័ន្ធទៅនឹងការផ្ទេរកម្មវិធីស្ដារលទ្ធភាពពលកម្មកាយសម្បទាដែលជាការព្រួយបារម្ភរបស់បណ្ដាអង្គការសង្គមស៊ីវិលនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាក្រៅប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឯកឧត្តមមានការគាំទ្រយ៉ាងពេញទំហឹងទៅលើដំណើរការនៃការរៀបចំកម្មវិធី ATscale នេះជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីបានស្នើទៅ ATscale ឲ្យត្រួតពិនិត្យទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស នៅក្នុងក្រសួងសង្គមកិច្ចដោយសារតែកម្រិតធនធានមនុស្សនៅក្នុងក្រសួងសង្គមកិច្ចហាក់នៅមានកម្រិតនៅឡើយ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្នបច្ចេកវិទ្យាមានការរីកចម្រើនវិវត្តន៍ខ្លាំងជាពិសេសពិភពលោកមានការវិវត្តខ្លាំង ដូច្នេះទាមទារឲ្យមានការអភិវឌ្ឍន៍ធនធានសមត្ថភាពសម្រាប់មន្ត្រីរាជការនៅក្នុងក្រសួងសង្គមកិច្ច។ ក្រៅពីនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងថា ដោយសារជនមានពិការភាពកម្ពុជាមានចំនួនច្រើនដូច្នេះត្រូវការទាមទារឲ្យមានឧបករណ៍ជំនួយសិប្បនិម្មិត រណបសម្រាប់ជួយដូចជា រទេះ ឈើច្រត់ គ្រឿងបង្គំ ដៃជើងជ័រ និងសិប្បនិម្មិតជាដើមសម្រាប់បងប្អូនដែលមានពិការភាពផងដែរ។
ឯកឧត្តម ជា សុមេធី ក៏បានរំលឹកផងដែរថាកម្ពុជាបានសម្អាតមីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះអស់ច្រើនហើយតាមរយៈការគាំទ្ររបស់ស៊ីម៉ាក់ទៅលើការបោសសម្អាតនៅទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែកន្លងមកក៏ធ្លាប់មានបញ្ហាកើតឡើងដែលធ្វើឲ្យបណ្ដាលឱ្យមានមនុស្សស្លាប់ដោយសារតែការមិនយល់ដឹងនៃផលប៉ះពាល់របស់អាវុធមិនទាន់ផ្ទុះនេះ។
តំណាង ATscale លោក ប៉ាស្កាល់ ចូរ៉ន ប៊ីចឡោវើត៍ បានយល់ស្របទៅតាមសំណើររបស់រដ្ឋមន្ត្រីដោយថានឹងជួយក្នុងការបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រីនៅក្នុងក្រសួងសង្គមកិច្ចឲ្យមានសមត្ថភាព រួមទាំងផ្ដល់ជំនួយនូវសម្ភារៈដែលខ្វះខាតតាមរយៈគម្រោងផងដែរ ខណៈលោកស្នើត្រលប់មកកាន់ឯកឧត្តមរដ្ឋមន្ត្រីវិញក្នុងការធ្វើបដិភាគថវិការដ្ឋ ដើម្បីឲ្យគម្រោងនេះកាន់តែមានភាពប្រសើរឡើង។ លោកក៏បានស្នើផងដែរដល់រដ្ឋមន្ត្រីជួយជំរុញការយល់ដឹងរបស់ពលរដ្ឋពាក់ព័ន្ធទៅនឹងបញ្ហាសុខភាពភ្នែក ជាពិសេសនៅតាមទីជនបទ។
ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានមានប្រសាសន៍ថា ឯកឧត្តម ប្ដេជ្ញានឹងធ្វើយ៉ាងណាឱ្យគម្រោងមានភាពប្រសើរឡើងតាមរយៈការជួយរបស់កម្មវិធី ATscale នេះនិងបានសន្យាផ្ដល់ព័ត៌មាននេះទៅកាន់មន្ទីររាជធានីខេត្តដើម្បីធ្វើការជាមួយនឹងអាជ្ញាធររាជធានីខេត្តធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការយល់ដឹងពីកម្មវិធី ATscale ក៏ដូចជាបញ្ហាដែលលោក ប៉ាស្កាល់ បានលើកទាក់ទងនឹងការថែរក្សាសុខភាពភ្នែកនេះ៕