ស្ទឹងត្រែង៖ ក្រសួងបរិស្ថានបានបដិសេធចំពោះការចោទប្រកាន់ថាមានករណីលួចធ្វើផ្លូវដើម្បីសម្រួលដល់ការដឹកឈើចេញពីតំបន់ព្រៃឡង់ បន្ទាប់ពីមានការចុះផ្សាយតាមបណ្ដាញសង្គមមួយចំនួនលើករណីនេះ។
ក្រសួងបានបង្ហោះលើបណ្ដាញសង្គមហ្វេសបុករបស់ក្រសួងនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ដោយដកស្រង់ប្រសាសន៍របស់មេឃុំបឹងចារ លោក ហ៊ុល សឿង ថាពុំមានករណីធ្វើផ្លូវចូលកាប់ឈើនៅតំបន់ព្រៃឡង់នោះទេ។
លោកថា៖ «សមត្ថកិច្ច និងក្រុមហ៊ុនបានរឹតបន្តឹងក្នុងការចេញចូលជាពិសេសការទប់ស្កាត់ការដឹកជញ្ជូន និងការកាប់បំផ្លាញធនធានធម្មជាតិឆ្លងកាត់ចំការឈើដាំ និងទីតាំងដំដាំកសិឧស្សាហកម្មមួយចំនួនទៀត»។
លោក ហ៊ុល សឿង បានគូសបញ្ជាក់ថា សម្រាប់ពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានឃុំបឹងចារ ពួកគាត់មានដីផ្ទាល់ខ្លួន ដោយបានបន្ថែមការដាំដំណាំផ្សេងៗជុំវិញផ្ទះ។ លោកអះអាងថា ការចូលព្រៃកាប់ឈើ គឺមានតិចតួចណាស់មានន័យថាស្ទើរតែលែងមានតែម្តង ក្នុងចំណោម ១០០នាក់ មានត្រឹមតែម្នាក់ ឬក៏ពីរនាក់ ដែលនៅបន្តលួចលាក់មុខរបរនេះ ប៉ុន្តែគ្រាន់តែយកទៅធ្វើសម្ភារៈនិងសម្រាប់យកទៅសាងសង់ផ្ទះតិចតួចតែប៉ុណ្ណោះ។
ឆ្លើយតបនឹងករណីនេះដែរទាំងប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងក្រចេះក៏ចេញមកបញ្ជាក់ដូចគ្នាផងដែរ
ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រេង លោក ស្រេង ជាហេង បានអះអាងថា កន្លងមកនេះភូមិសាស្ត្រព្រៃឡង់ដែលមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងគ្រប់គ្រង គឺមិនមានបបទល្មើសកាប់ទន្ទ្រានព្រៃឈើទ្រង់ទ្រាយធំនោះទេ តែជាសកម្មភាពប្រជាពលរដ្ឋគាត់កាប់ឈើសម្រាប់ធ្វើសម្ភារៈ និងលំនៅដ្ឋានតូចតាចប៉ុណ្ណោះ។
លោកបញ្ជាក់ថា ចាប់ពីថ្ងៃទីនេះតទៅ គឺមិនមានលើកលែងនោះទេ ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ។ សមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធីនៃច្បាប់ បញ្ជូនទៅតុលាការចំពោះអ្នកប្រព្រឹត្តបទល្មើសទាំងនោះ។
លោកថ្លែងថា៖ «កន្លងមកនេះមានព័ត៌មានចុះផ្សាយថាមានការលួចដឹកឈើចេញព្រៃឡង់ ប៉ុន្តែ តាមការអង្កេតមើលរូបភាពផ្លូវដែលត្រូវបានយកទៅផ្សព្វផ្សាយថាជាផ្លូវធ្វើថ្មីសម្រាប់ដឹកឈើចេញពីតំបន់ព្រៃឡង់នោះ គឺជាផ្លូវចាស់ ខ្ញុំគិតថាសម្រាប់ព័ត៌មានដែលចុះផ្សាយនេះជាព័ត៌មានមិនច្បាស់លាស់ ហើយរូបភាពនេះជារូបចាស់ មន្ទីរបានស្រាយបំភ្លឺរួចហើយកាលមុនពិធីបុណ្យចូលឆ្នាំ សកម្មភាពនេះមន្ទីរបានដាក់សំណុំរឿងទៅតុលាការហើយ»។
ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះលោក ឆាយ ឌួងសាវុធ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការចុះផ្សាយជុំវិញការលួចធ្វើផ្លូវចូលព្រៃឡង់ សម្រាប់ដឹកឈើចេញនោះ គឺមិនមានទេ ហើយរូបភាពផ្លូវដែលផ្សាយមិនពិតនោះ គឺជាផ្លូវចាស់ដែលបានបបោះបង់ចោលយូរហើយ ខណៈមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្ត រួមជាមួយអាជ្ញាធរពាក់ព័ន្ធបានខិតខំប្រឹងចុះល្បាត និងអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះជនល្មើសធនធានធម្មជាតិ។
ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានឱ្យដឹងថា សម្រាប់ផ្លូវចេញពីព្រៃឡង់ភ្ជាប់មកដីក្រុមហ៊ុន ស៊ីង បាយ អូថេក ជាដានផ្លូវចាស់ដែលប្រជាជនប្រើប្រាស់រកជ័រទឹកនៅរដូវប្រាំង ដោយអាចធ្វើដំណើរដោយថ្នើរជើង និងតាមរយៈម៉ូតូតែប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានដាក់ចេញនូវវិធានការចំនួន ៤ចំណុចឱ្យមន្ត្រីឧទ្យានុរក្សបានខិតខំពពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព គឺពួកគាត់បន្តចុះល្បាតនៅតាមតំបន់ការពារធម្មជាតិ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។
រដ្ឋលេខាធិការក្រសួងបរិស្ថានលោក ជា សំអាង បានចុះធ្វើអធិការកិច្ច ដោយផ្ទាល់នៅលើទីតាំងសង្ស័យករណីបទល្មើសធនធានធម្មជាតិកើតមាននៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ «ព្រៃឡង់»។ តាមរយៈការចុះពិនិត្យដោយផ្ទាល់នេះបានបញ្ជាក់ថា ផ្លូវដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញព័ត៌មានកន្លងមកនោះ គឺមិនមានការលួចធ្វើផ្លូវថ្មីនោះទេ តែរូបភាពដែលបានផ្សព្វផ្សាយមិនពិតនោះ គឺជារូបភាពចាស់ និងផ្លូវអភិវឌ្ឍន៍របស់ក្រុមហ៊ុនចំការឈើដាំតែប៉ុណ្ណោះ។
គួរឱ្យដឹងដែរថា ដែនជម្រកសត្វព្រៃឡង់ ស្ថិនតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ។ យោងតាមអនុក្រឹត្យ លេខ ១៨១ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែនជម្រកសត្វព្រៃ «ព្រៃឡង់» មានទំហំ ៤៨៩ ៦៦៣ ០០ហិកតា៕