
ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៣០គ្រួសារ នៅខណ្ឌព្រែកព្នៅ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ១៣០គ្រួសារ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៣០គ្រួសារ រស់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។
ជាមួយគ្នានេះ គ្រួសាររងគ្រោះដោយទឹកជំនន់ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ ក្នុងនោះដែរ គ្រួសាររងគ្រោះក៏បានទទួលបាន ទឹកត្រី ៦ដប ទឹកបរិសុទ្ធ ១កេស និងថវិកា ៣ម៉ឺនរៀល ជាអំណោយរបស់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។
គួរឱ្យដឹងដែរថា ក្នុងខែតុលា ឆ្នាំ២០២៣ នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់សរុបចំនួន ៧ ៥១៦គ្រួសារ (ក្នុងនោះថ្នាក់កណ្តាល បានឆ្លើយតបចំនួន ៦ ២១០គ្រួសារ និងថ្នាក់សាខាឆ្លើយតបបាន ១ ៣០៦គ្រួសារ) នៅតាមបណ្តារាជធានី-ខេត្តចំនួន៩ រួមមាន រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តព្រះវិហារ និងខេត្តតាកែវ៕