ភ្នំពេញ៖ ក្រសួងសង្គមកិច្ច និងក្រសួងសុខាភិបាល ដោយមានជំនួយពីកម្មវិធី ATscale បានដាក់អនុវត្តរួមគ្នានូវការផ្ដល់បច្ចេកទេស ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការសម្របសម្រួលក្នុងភាពជាដៃគូលើការអនុវត្តកម្មវិធីសេវាស្ដារលទ្ធភាពពលកម្មជូនជនមានពិការភាព។
ការសម្ពោធជាផ្លូវការនូវគម្រោងនេះធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ដែលគម្រោងនេះមានគោលដៅក្នុងការជំរុញសកម្មភាពពង្រីកការងារដែលមានស្រាប់ និងសម្របសម្រួល និងកៀរគរអ្នកពាក់ព័ន្ធជាសាកលជាមួយនឹងយុទ្ធសាស្ត្របង្រួបបង្រួមដើម្បីបង្កើនភាពអាចរកបាន និងការចូលប្រើឧបករណ៍បច្ចេកវិទ្យាជំនួយ។
អគ្គនាយកកម្មវិធី ATscale លោក ប៉ាស្កាល់ ចូរ៉ន ប៊ីចឡោវើត៍ (Pascal Jeroen BIJLEVEL) បានថ្លែងដោយក្ដីរំពឹងថាកម្មវិធីនេះនឹងបំពេញបន្ថែម និងសម្របសម្រួលជាមួយកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (Access) របស់ DFAT WHO UNDP និងកម្មវិធីជាច្រើនទៀត។
លោកថា៖ «កាលពីឆ្នាំមុន ក្រឹត្យនាយករដ្ឋមន្ត្រីបានផ្លាស់ប្តូរការទទួលខុសត្រូវលើសេវាស្តារនីតិសម្បទាពី MOSVY ទៅ MOH។ នេះគឺស្របតាមរបៀបដែលប្រទេសភាគច្រើនក្នុងពិភពលោកគ្រប់គ្រងសេវាកម្មទាំងនេះ ហើយពិតជាស្របតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក។ សេវាស្តារនីតិសម្បទាគឺជាគន្លឹះនៃការថែទាំបន្ត តាំងពីការការពារ ការព្យាបាល ការស្តារនីតិសម្បទា និងការថែទាំអ្នកជំងឺ ដូច្នេះនេះគឺជាការផ្លាស់ប្តូរដែលសមទំនង»។
លោកក៏បានឱ្យដឹងផងដែរថា ATScale ផ្ដោតលើយកចិត្តទុកដាក់ចំនួន៣គឺ ការលើកកម្ពស់ការយល់ដឹង គាំទ្រដល់ផលិតកម្មទំនិញសកល និងការចាប់បច្ចេកវិទ្យាដើម្បីជាជំនួយ។
គម្រោង ATscale មានរយៈពេល ៣ឆ្នាំដែលមានតម្លៃប្រមាណ ៣លាន២សែនដុល្លារអាមេរិកជាជំនួយរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលនឹងផ្ដល់ទៅក្រសួងសង្គមកិច្ច ក្រសួងសុខាភិបាល ក្រុមប្រឹក្សាសកម្មភាពជនពិការ និងអង្គការតំណាងជនមានពិការភាពចំនួន៣ ដើម្បីអនុវត្តន៍។
រដ្ឋមន្ត្រីសុខាភិបាលលោក ឈាង រ៉ា មានប្រសាសន៍ថាការរីកចំរើនខាងសេដ្ឋកិច្ច និងប្រជាសាស្រ្ត បាននាំទៅរកអោយមានការរំពឹងថានឹងមានការកើនឡើងនូវចំនួនប្រជាជន និងចំនួនវ័យចាស់ជរា ដែលនឹងនាំមកនូវបន្ទុកជម្ងឺមិនឆ្លង បញ្ហាសុខភាពផ្លូវចិត្ត និងសេចក្តីត្រូវការសេវាសំរាប់ជនដែលមានវ័យកាន់តែចាស់ជរាទៅអនាគត។ លោកបន្ថែមថា ប្រទេសកម្ពុជា ត្រូវបានប៉ានប្រមាណថាមាន ប្រជាជន ប្រហែល ២.២ លាននាក់ កំពុងរស់នៅដោយមានពិការភាព ហើយដែលក្នុងចំណោមនោះ ជនមានពិការភាព លើស ៣២០ ០០០ នាក់ មានការលំបាកខ្លាំង ក្នុងធ្វើចលនាប្រចាំថ្ងៃ។
លោកថា៖ «ក្នុងចំណោមជនមានពិការភាពដែលមានការលំបាកខ្លាំង ក្នុងការធ្វើចលនា ទាំងនោះ មានចាស់ជរា អ្នកជម្ងឺរាំរ៉ៃ ដែលមានបញ្ហាភ្នែកនិងធ្វើចលនា អតីតយុទ្ធជន និងជនមានពិការភាពដោយសាមីន និងគ្រោះថ្នាក់ចរាចរ។ សំរាប់បញ្ហាភ្នែក អត្រាប្រេវ៉ាឡង់ពិការភ្នែក គឺ ០.៣៧% ក្នុងឆ្នាំ ២០១៩»។
តាមរយៈគម្រោង ATscale លោករដ្ឋមន្ត្រីសុខាភិបាលជឿជាក់ថា កម្មវិធីសុខភាពភ្នែកនេះរបស់ក្រសួងនឹងអាចបង្កើន ចំនួនមណ្ឌលថែទាំភ្នែកបន្ថែមទៀតធ្វើយ៉ាងណាអោយគ្រប់ខេត្តទាំងអស់នៃប្រទេសកម្ពុជាមានមណ្ឌលថែទាំភ្នែកដែលដំណើរការនិងផ្តល់សេវាដោយសេវាសាធារណៈ។
រដ្ឋមន្ត្រីសង្គមកិច្ចលោក ជា សុមេធី មានប្រសាសន៍ថាពិធីសម្ពោធជាផ្លូវការនេះ បានបង្ហាញពីការយកចិត្តទុកដាក់និងឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីក និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសេវាស្ដារលទ្ធភាពពលកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា និងមានគោលបំណងបំពាក់ឧករណ៍បច្ចេកវិទ្យាជំនួយជូនជនមានពិការភាព ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកម្មវិធីនិងការសម្របសម្រួលភាពជាដៃគូអនុវត្តគម្រោងសេវាស្ដារលទ្ធភាពពលកម្មជូនជនមានពិការភាព។
លោករដ្ឋមន្ត្រីបានបន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងបន្តនិរន្តរភាពសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាព ដែលក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ ជនមានពិការភាពប្រមាណ ២០ ២៩៣នាក់ បានទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាគ្រប់ប្រភេទដោយឥតគិតថ្លៃ រួមជាមួយនឹងកញ្ចប់ឧបត្ថម្ភរបបគោលនយោបាយសម្រាប់ការធ្វើដំណើរ ការហូបចុក និងការស្នាក់នៅ ក្នុងអំឡុងពេលទទួលសេវា និងបានផ្តល់ឧបករណ៍ទ្រទ្រង់រាងកាយចំនួន ៨ ៦២៦គ្រឿង។
ជនមានពិការភាពចំនួន ២ ១៦៧នាក់ ស្រី ៥១០នាក់ បានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរបស់រដ្ឋ លើមុខវិជ្ជាសំខាន់ៗស្របតាមតម្រូវការទីផ្សារនៅកម្ពុជា។ មនុស្ស គ ថ្លង់ និងពិការភ្នែកចំនួន ៥៥១នាក់ បានសិក្សាភាសាសញ្ញានិងអក្សរប្រៃយ៍ (អក្សរស្ទាប) តាមរយៈកម្មវិធីសិក្សារបស់រដ្ឋ និងអង្គការដៃគូ។
លោករដ្ឋមន្ត្រីថា៖ «ក្រសួងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងទាំងពីរ និងកម្មវិធីអេធីស្កេល នឹងបង្កើនកម្រិតកិច្ចសហប្រតិបត្តិការឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បច្ចេកវិទ្យាជំនួយសម្រាប់ជនមានពិការភាពនៅកម្ពុជា»។
យោងតាមជំនឿឆ្នាំ២០១៩ ព្រះរាជាណាចក្រកម្ពុជាមានអត្រាជនមានពិការភាព អាយុ ៥ឆ្នាំឡើងសរុបចំនួន ៦៨៩ ៤៥៧ នាក់ ស្មើនឹង ៤.៩% នៃប្រជាជនសរុប។ ហើយមូលហេតុចម្បងៗដែលនាំឱ្យមានពិការភាព គឺបណ្តាលមកពីជំងឺផ្សេងៗ កង្វះអាហារូបត្ថម្ភ តំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយសារមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អំពើហិង្សា គ្រោះមហន្តរាយ ចាស់ជរា និងមូលហេតុផ្សេងៗទៀត ដែលមូលហេតុទាំងនេះប្រែប្រួលទៅតាមបម្រែបម្រួលប្រជាសាស្រ្ត និងសម័យកាល។
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកវិស័យពិការភាពជាការងារអាទិភាព ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាពនិងលិខិតូបករណ៍អន្តរជាតិផ្សេងៗ ព្រមទាំងបានកសាងនិងដាក់ឱ្យអនុវត្តច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិជាច្រើនទៀត ពិសេសការពង្រឹងការផ្តល់សេវាសុខភាពនិងសុខុមាលភាពសម្រាប់ជនមានពិការភាពដូចមានចែងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ យុទ្ធសាស្រ្តបញ្ចកោណ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងការដាក់បញ្ចូលនូវបញ្ហាជួយជនមានពិការភាពដោយសារមីន ជាគោលដៅទី១៨ នៃឯកសារគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា២០៣០ និងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ ផងដែរ៕