ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាបានលើកឡើងពីគម្រោងរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់សហព័ន្ធរុស្ស៊ី នៅក្រោយការបោះឆ្នោតព្រឹទ្ធសភាអាណត្តិថ្មីរួច ដើម្បីជំរុញទំនាក់ទំនងទ្វេរភាគីរបស់ប្រទេសទាំងពីរ។
ការលើកឡើងនេះធ្វើឡើងក្នុងពេលដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីជួបជាមួយអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាលោក Anatoly Borovik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣នេះនៅវិមានសន្ដិភាពរាជធានីភ្នំពេញ។
ក្នុងជំនួបនេះលោក Anatoly Borovik បានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ និងចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា របស់សម្តេចធិបតី នៅក្នុងអាណត្តិទី៧នេះ ដោយបានសម្តែងនូវការជឿជាក់ថា ចំណងមិត្តភាពរុស្សី-កម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំ បន្ថែមលើកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ក្នុងរយៈកាលនៃចំណងការទូតជាប្រវត្តិសាស្ត្រយូរលង់ប្រមាណ ៦៧ ឆ្នាំ កន្លងមកនេះ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំឭកអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងដំណាក់កាលដែលកាលនោះជាអតីតសហភាពសូវៀត បានជួយឧបត្ថម្ភគាំទ្រកម្ពុជាលើការស្តារកសាងប្រទេសឡើងវិញ បន្ទាប់ពីការដួលរលំនៃរបប ប៉ុល ពត ព្រមជាមួយនឹងការបញ្ជាក់ថា «គោលនយោបាយការបរទេសរបស់កម្ពុជាមិនមានការប្រែប្រួលឡើយ» ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនងទ្វេភាគី ក្នុងរយៈកាលកន្លងមក ជាពិសេស ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ទាំងនៅក្នុងអង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ហើយក៏គ្រោងនឹងមានការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់សហព័ន្ធរុស្ស៊ី នៅក្រោយការបោះឆ្នោតព្រឹទ្ធសភាអាណត្តិថ្មីរួចផងដែរ។
ជាមួយគ្នានេះនាវាកងទ័ពរុស្ស៊ីក៏ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។
គួរឱ្យដឹងផងដែរថា ក្នុងសេចក្ដីថ្លែងការជាវីដេអូពិសេសរបស់កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅក្នុងនីតិកាលថ្មីខាងមុខនេះ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៕







