ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្ត្រីសង្គមកិច្ច៖ ៩ខែ ឆ្នាំ២០២៣ ជនមានពិការភាពជាង ២ម៉ឺននាក់ទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានឱ្យដឹងថាក្នុងរយៈពេល ៩ខែនៅ ឆ្នាំ២០២៣នេះ រដ្ឋបានផ្ដល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា រួមជាមួយនឹងកញ្ចប់ឧបត្ថម្ភដល់ជនពិការភាពប្រមាណ ២០ ២៩៣នាក់។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនូវគម្រោង ATscale នៅសណ្ឋាគារកាំបូឌីយ៉ាណា ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ជា សុមេធី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកវិស័យពិកាពជាអាទិភាព ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងលិខិតតូបករណ៍អន្តរជាតិផ្សេងៗ ព្រមទាំងបានកសាង និងដាក់ឱ្យអនុវត្តច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិជាច្រើនទៀត ពិសេសការពង្រឹង ការផ្ដល់សេវាសុខភាព និងសុខុមាលភាពសម្រាប់ជនមានពិការភាពដូចមានចែងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងការដាក់បញ្ចូលនូវបញ្ហាជួយដល់ជនមានពិការភាពដោយសារមីន ជាគោលដៅអភិវឌ្ឍន៍ទី១៨ នៃឯកសារគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា២០៣០ និងផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាពឆ្នាំ២០១៩-២០២៣។

លោករដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាកំពុងបន្តនិរន្តរភាពសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាព ដោយក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ជនមានពិការភាពប្រមាណ ២០ ២៩៣នាក់ បានទទួលសេវាស្តារលទ្ធភាព ពលកម្មកាយសម្បទាគ្រប់ប្រភេទដោយឥតគិតថ្លៃ រួមជាមួយនឹងកញ្ចប់ឧបត្ថម្ភរបបគោលនយោបាយសម្រាប់ការធ្វើ ដំណើរ ការហូបចុក និងការស្នាក់នៅ ក្នុងអំឡុងពេលទទួលសេវា និងបានផ្ដល់ឧបករណ៍ទ្រទ្រង់រាងកាយចំនួន ៧ ៦២៦ គ្រឿង។

លោករដ្ឋមន្ត្រីក៏បានឲ្យដឹងដែរថា ក្រៅពីនេះជនមានពិការភាពចំនួន ២ ១៦៧នាក់ ក្នុងនោះស្រីចំនួន ៥១០នាក់ បានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋ លើមុខវិជ្ជាសំខាន់ៗស្របតាមតម្រូវការទីផ្សារនៅកម្ពុជា ខណៈមនុស្ស គ-ថ្លង់ និងពិការភ្នែកចំនួន ៥៥១នាក់ បានសិក្សាភាសាសញ្ញានិងរក្សអក្សរស្ទាបតាមរយៈកម្មវិធីសិក្សារបស់រដ្ឋ និងអង្គការដៃគូ។

លោកថា៖ «និយាយជារួមរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាចម្បងលើសុខភាពជនងាយរងគ្រោះ ជាពិសេសជនមានពិការភាព»

ក្រៅពីនេះជនមានពិការភាពក៏ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គមដែលរដ្ឋាភិបាលបានផ្ដល់ជូនផងដែរ។

បើតាមលោករដ្ឋមន្ត្រី ជា សុមេធី អត្រាជនមានពិការភាពនៅព្រះរាជាណាចក្រកម្ពុជា អាយុ ៥ឆ្នាំឡើងសរុបចំនួន ៦៨៩ ៤៥៧នាក់ ស្មើនឹង ៤.៩% នៃប្រជាជនសរុប (យោងតាមជំរឿនឆ្នាំ២០១៩) ។ មូលហេតុចម្បងៗដែលនាំឱ្យមានពិការភាពគឺ បណ្តាលមកពីជំងឺផ្សេងៗដូចជា កង្វះអាហារូបត្ថម្ភ តំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះអំពើហិង្សា គ្រោះមហន្តរាយ និងចាស់ជរាទៅតាមម្រែបម្រួលប្រជាសាស្ត្រនិងសម័យកាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក