រដ្ឋមន្ត្រីការបរទេសលើកទឹកចិត្តឱ្យកាណាដាបង្កើនការវិនិយោគបន្ថែមនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សុខ ចិន្តាសោភា លើកទឹកចិត្តឱ្យភាគីកាណាដាបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ហើយបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកដំបូងរវាងក្រសួងការបរទេសទាំងពីរនាអនាគតពេលខាងមុខ។
លោក សុខ ចិន្តាសោភា លើកឡើងដូចនេះក្នុងជំនួបសម្តែងការគួរសមរបស់លោកស្រី Ping M. Kitnikone ក្នុងឱកាសដែលលោកស្រី ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃប្រទេសកាណាដាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
ក្នុងអំឡុងពេលជំនួប ភាគីទាំង២ បានសម្តែងសេចក្ដីពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយរាប់ចាប់ពីវិស័យពាណិជ្ជកម្ម និងវិនិយោគ ការកសាងសមត្ថភាព ទេសចរណ៍ ដល់ការដោះមីន និងប្រតិបត្តិការថែរក្សាសន្តិភាព។
រដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរ អំពីការត្រៀមខ្លួនធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕