រដ្ឋមន្រ្តីសុខាភិបាលដឹកនាំកិច្ចប្រជុំដើមី្បពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរនៃកិច្ចសហការររបស់វិស័យឯកជនក្នុងវិស័យសុខាភិបាល
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកសុខាភិបាល «ក្រុម ឋ» នៃវេនទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
លោក ឈាង រ៉ា បានដឹកនាំកិច្ចប្រជុំពិភាក្សារវាង ក្រសួងសុខាភិបាល ក្រសួងពាក់ព័ន្ធនានាដូចជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយដ្ឋានគយ និងរដ្ឋាករជាដើម ជាមួយសភាពាណិជ្ជកម្មផ្នែកឯកជនវិស័យសុខាភិបាល ក្រុមការងារ “ក្រុម ឋ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើមី្បពិនិត្យមើលវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពនៃកិច្ចសហការររបស់វិស័យឯកជន ក្នុងវិស័យសុខាភិបាល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ផ្នែកឯកជនទាំងអស់ ដែលបានធ្វើការវិនិយោគក្នុងវិស័យសុខាភិបាលកន្លងមករួមមាន ការបើកសេវាកម្មពិគ្រោះយោបល់ ការធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំ ការចុះបញ្ជិកាសម្ភារៈបរិក្ខារពេទ្យ និងឱសថជាដើម ដែលបាន និងកំពុងចរាចរផលិតផលរបស់ខ្លួនក្នុងប្រទេសកម្ពុជា និងបានចូលរួមក្នុងការបំពេញសេចក្តីត្រូវការក្នុងការការថែទាំសុខភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ វេជ្ជបណ្ឌិត តាន់ គឹមម៉េង សហប្រធានសភាពាណិជ្ជកម្ម ផ្នែកឯកជនវិស័យសុខាភិបាល បានថ្លែងអំណរគុណ លោក ឈាង រ៉ា ដែលបានអនុញ្ញាតឱ្យក្រុមការងារ “ឋ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានជួបប្រជុំ និងពិភាក្សា។
លោក តាន់ គឹមម៉េង បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់វិស័យសុខាភិបាល តាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅយ៉ាងផុលផុសដោយភាគីទាំងអស់ បានពិគ្រោះ និងពិភាក្សាស្វែងយល់ពីការលំបាក ភាពរាំងស្ទះ ដោយបានជួយផ្តល់នូវដំណោះស្រាយ និងចំលើយលើវិធីសាស្ត្រសមស្រប ដែលធ្វើឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតនូវការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគផ្នែកសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ឈរលើមូលដ្ឋាននៃការគោរពច្បាប់ និងបទបញ្ញត្តិជាធរមាន ជាពិសេសត្រូវតែគិតគូដល់សុខភាពនិងអាយុជីវិត របស់ប្រជាពលរដ្ឋជាចំបង និងដោយត្រូវមានតម្លៃសមស្រប សុវត្ថិភាព និងគុណភាពខ្ពស់។
តំណាងវិស័យឯកជនបានថ្លែងអំណរគុណ ចំពោះរដ្ឋមន្ត្រីសុខាភិបាលនិងក្រុមការងារក្រសួងសុខាភិបាលដែលបានផ្តល់ចំលើយ ការបំភ្លឺក្បោះក្បាយ និងផ្តល់នូវដំណោះស្រាយសមស្រប ដោយគិតគូពីសុខភាព និងសុវត្ថិភាព របស់ប្រជាជនកម្ពុជា ព្រមទាំងបញ្ជាក់ពីជំហរឯកភាព និងគាំទ្រលើយន្តការសម្របសម្រួល និងដំណោះស្រាយដែលបានលើកឡើងដោយភាគីក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ព្រមទាំងសន្យាថានឹងលើកយកចំណុចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំនេះទៅផ្សព្វផ្សាយរបាយការណ៍ ជូនក្រុមការងារ “ឋ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បន្ទាប់ពីទទួលបានរបាយការណ៍ដែលបានការឯកភាពរួមគ្នា។
ទន្ទឹមនោះ រដ្ឋមន្ត្រីសុខាភិបាល បានថ្លែងអំណរគុណ ក្រុមការងារផ្នែកឯកជនវិស័យសុខាភិបាល ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយផ្នែកពាក់ព័ន្ធក្រោមឱវាទក្រសួងសុខាភិបាល រួមគ្នាស្វែងយល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា សំដៅបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧៕