កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

BREAKING NEWS: រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ

ភ្នំពេញ: នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញបានបន្តថា ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលគ្មានរោគសញ្ញា គ្មានកត្តាប្រឈម និងមិនជាប់ពាក់ព័ន្ធមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta) ក្នុងគោលបំណងរួមចំណែកបង្ការ ទប់ស្កាត់ និងគ្រប់គ្រង ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ឲ្យកាន់តែឆាប់រហ័ស ស្របតាមអភិក្រម “រកឃើញឆាប់រហ័ស គ្រប់គ្រងបានលឿន និងការកាត់ផ្តាច់ខ្សែច្រវាក់ការឆ្លងរាលដាលបានទាន់ពេលវេលា”។

រដ្ឋបាលរាជធានីភ្នំពេញបានបន្ថែមថាក្នុងរយៈពេលអនុវត្តកន្លងមកនេះបានកត់សម្គាល់ឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលបានប្រើប្រាស់តេស្តរហ័សរកររង់ទីហ្សែន កូវីដ-១៩ ដោយខ្លួនឯងនៅតាមផ្ទះ ទទួលបានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប៉ុន្តែបានព្យាយាមប្រើប្រាស់ថ្នាំពេទ្យ ឬអនុវត្តការព្យាបាលបែបបុរាណដោយខ្លួនឯង ហើយអ្នកជំងឺមួយចំនួនបានវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ រួចទើបរាយការណ៍មកមន្ត្រីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន ពោលគឺជាការអនុវត្តមិនត្រឹមត្រូវតាមនីតិវិធីប្រតិបត្តិស្តង់ដា សម្រាប់គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។

ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

១, ក្នុងករណីការប្រើប្រាស់តេស្តរហ័សរក អង់ទីហ្សែនកូវីដ-១៩ ដោយបុគ្គលឯកជន ទទួលលទ្ធផលតេស្ត វិជ្ជមានជំងឺកូវីដ-១៩ សាមីខ្លួនត្រូវដាក់ខ្លួនឱ្យនៅដោយឡែកពីសមាជិកគ្រួសារ និងមានកាតព្វកិច្ចតាម ផ្លូវច្បាប់ ក្នុងការជូនដំណឹងជាបន្ទាន់ទៅមន្ដ្រីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន តាមរយៈខ្សែទូរស័ព្ទ (Hotline) ១២២២ ឬ លេខទូរស័ព្ទរបស់ទីបញ្ហាការស្រាលនៃមូលដ្ឋានខណ្ឌដែលខ្លួនកំពុងរស់នៅ ដើម្បីឱ្យអាជ្ញាធរ មូលដ្ឋាន និងក្រុមគ្រូពេទ្យចុះវាយតម្លៃស្ថានភាពអ្នកជំងឺ និងពិនិត្យទីតាំងផ្ទះ ថាតើត្រូវអនុញ្ញាតឲ្យអ្នកជំងឺព្យាបាលនៅផ្ទះ ឬត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។

២, ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គ្មានរោគសញ្ញា គ្មានកត្តាប្រឈម និងមិនជាប់ពាក់ព័ន្ធមេរោគ កូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta) ដែលបានទទួលការអនុញ្ញាតឲ្យព្យាបាលនៅតាមផ្ទះ ត្រូវចុះកិច្ចសន្យា នៅចំពោះមុខមន្ត្រីមានសមត្ថកិច្ច តាមទម្រង់គំរូឧបសម្ព័ន្ធទី១១ នៃនីតិវិធីប្រតិបត្តិស្ដង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះរបស់ក្រសួងសុខាភិបាល ព្រមទាំងយល់ព្រមឲ្យអាជ្ញាធរមូលដ្ឋានដាក់ស្លាកសម្គាល់ "ទីតាំងវិជ្ជមានជំងឺកូវីដ-១៩​ ហើយក្នុងករណីមានបញ្ហាសុខភាព ត្រូវទាក់ទងជាបន្ទាន់ទៅមន្ត្រីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋាន។

៣, ក្នុងករណីរដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទទួលបានព័ត៌មាន ឬរកឃើញថាមានបុគ្គលណាមួយដែលបានប្រើប្រាស់តេស្ដរហ័សរក អង់ទីហ្សែនកូវីដ-១៩ ទទួលបានលទ្ធផល តេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយមិនព្រមរាយការណ៍ជូនមន្ត្រីសុខាភិបាលក្រុមគ្រូពេទ្យ ឬអាជ្ញាធរមូលដ្ឋាន បុគ្គលនោះនឹងត្រូវប្រឈមនឹងការអនុវត្តនូវពិន័យជាប្រាក់ស្របតាមប្រការ២ នៃប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក៏ដូចជាប្រឈមនឹងទោសដាក់ពន្ធនាគារ ស្របតាមមាត្រា១០ និង មាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

៤, រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្ត និងស្នើសុំប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរខាងទីតាំង ផ្ទះរបស់បុគ្គលដែលសង្ស័យថាមានអ្នកជំងឺកូវីដ-១៩ កំពុងលួចលាក់សម្រាកព្យាបាលដោយខ្លួនឯងដោយគ្មានការវាយតម្លៃ និងការអនុញ្ញាតពីមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋានទេនោះ ត្រូវរាយការណ៍ ជាបន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងធានារក្សាការសម្ងាត់ជូន ដើម្បីឲ្យអាជ្ញាធរ មូលដ្ឋានចាត់វិធានការបានទាន់ពេលវេលា ចៀសវាងការ ចម្លងជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ ទៅក្នុងមូលដ្ឋានភូមិ-សង្កាត់ដែលខ្លួនកំពុងរស់នៅ។

៥, គណៈបញ្ហាការដឹកនាំការអនុវត្តច្បាប់នៅថ្នាក់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវសហការចុះត្រួតពិនិត្យ នៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានានូវការអនុវត្តបានត្រឹមត្រូវតាមសេចក្ដីណែនាំនេះ។

ក្នុងករណីរកឃើញថា បុគ្គលណាមិនគោរពតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ត្រូវចាត់វិធានការច្បាប់ និងវិធានការរដ្ឋបាលឱ្យខាងតែបាន និងដោយគ្មានការលើកលែងឡើយក្រោយពេលដែលបុគ្គលនោះបានទទួលការព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយ និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក