កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុនម៉ាណែត នៅតែបន្តតាមដានពីស្ថានភាពប្រជាពលរដ្ឋខ្មែរនៅប្រទេសអ៉ីស្រាអ៊ែល បើទោះបីជាប្រទេសនេះបានគ្រប់គ្រងស្ថានភាពបានល្អប្រសើរវិញហើយក៏ដោយ។
ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺននាក់ នៅក្នុងខេត្តកំពង់ចាម ព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាសម្ដេចតាមដានចំនួន ៤ដងក្នុងមួយថ្ងៃទៅលើស្ថានភាពប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអ៉ីស្រាអ៊ែល ដោយថាសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាសំខាន់ នឹងមិនបោះបង់នោះទេដរាបណាស្ថានភាពវឹកវរទាំងនោះមិនត្រូវបានបញ្ចប់។
ជាមួយគ្នានេះសម្ដេចបានឲ្យដឹងថា រដ្ឋាភិបាលក៏បានរៀបចំផែនការដោយត្រៀមនៅកន្លែងសុវត្ថិភាពបម្រុងដែលរៀបចំដោយរដ្ឋាភិបាលអ៊ីស្រាអ៊ែល និងបានរៀបចំទីតាំងកន្លែងសុវត្ថិភាពឆ្ងាយពីព្រំដែនមានសង្គ្រាមអ៉ីសា្រអែល-ប៉ាឡីស្ទីន ៣០០គីឡូម៉ែត្រ ខណៈថារដ្ឋាភិបាលក៏បានគិតរួចរាល់ហើយប្រសិនជាស្ថានភាពវឹកវរខ្លាំងនៅទូទាំងប្រទេសអ៊ីស្រាអែល។
ពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអ៊ីស្រាអែលមានចំនួន ៤៥៤នាក់។
គួរឱ្យដឹងផងដែរថា ក្រុមហាម៉ាស់បានបើកការវាយប្រហារដោយគ្មានការជូនដំណឹងមុននៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ដោយបាញ់រ៉ុកែតរាប់ពាន់គ្រាប់ ជាមួយនឹងការបញ្ជូនទាហានចូលក្នុងទឹកដីអ៊ីស្រាអ៊ែលបាញ់សម្លាប់មិនរើសមុខលើជនស៊ីវិលនិងទាហាន ខណៈមានពលរដ្ឋខ្មែរម្នាក់ក៏ត្រូវបានសម្លាប់ក្នុងការវាយប្រហារនេះដែរ៕