កំពង់ចាម៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសន្យារវាងគណបក្សប្រជាជន និងពលរដ្ឋកាន់តែរឹងមាំហើយតាមរយៈការបង្ហាញនូវការបោះឆ្នោត និងការទុកចិត្តពីប្រជាពលរដ្ឋជូនគណបក្សប្រជាជនក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺននាក់ នៅក្នុងខេត្តកំពង់ចាម ព្រឹកថ្ងៃពុធទី២៥ ខែតុលា ឆ្នាំ២០២៣ ថាការបោះឆ្នោតគឺជាកុងត្រារវាងអ្នកដឹកនាំនយោបាយ ជាមួយពលរដ្ឋ ហើយកុងត្រានេះនឹងបញ្ចប់ឬអាចបន្តទៅវិញនៅពេលបោះឆ្នោតរៀងរាល់ប្រាំឆ្នាំម្ដង។
សម្ដេចបានលើកឡើងថាតាំងពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជាបានបន្តនៅកុងត្រានេះជាមួយនឹងប្រជាពលរដ្ឋកម្ពុជាជាដរាប ដែលបង្ហាញពីភាពរឹងមាំនៃការទុកចិត្តក៏ដូចជាការសន្យារវាងគណបក្សប្រជាជនជូនចំពោះពលរដ្ឋផងដែរ៕