ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយនឹង លោក គូម៉ូរ៉ា ម៉ាសាហីកូ (KUMURA Masahiko) អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន រួមទាំងឥស្សរជនជប៉ុនមួយចំនួនទៀត នៅវិមាន៧មករា។
លោក គូម៉ូរ៉ា ម៉ាសាហីកូ បានវាយតម្លៃខ្ពស់ចំពោះភាពអង់អាចរបស់សម្តេចតេជោ ដែលជាវិរៈជនតែម្នាក់គត់ដែលបានរួមជាមួយឥស្សរជនកម្ពុជាជាច្រើនរូបទៀត ធ្វើការរំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហម ប៉ុលពត និងដឹកនាំប្រទេសកម្ពុជាឲ្យមានការរីកចម្រើន មានសុខសន្តិភាព និងសង្រ្គោះប្រជាជនកម្ពុជានៅទូទាំងប្រទេស។
លោកមានការភ្ញាក់ផ្អើលក្រោយពីបានឃើញប្រទេសកម្ពុជាបច្ចុប្បន្នមានការអភិវឌ្ឍខុសពីលោកកាលមកទស្សនកិច្ចនៅកម្ពុជាលើកដំបូងកាលពីជាង២៥ឆ្នាំកន្លងមកដែលនោះបង្ហាញពីស្នាដៃរបស់សម្តេចតេជោ និងឥស្សរជនកម្ពុជាដទៃទៀត ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីប្រជាជនរហូតមានការអភិវឌ្ឍគួរឲ្យស្ងប់ស្ងែងបែបនេះ។
ក្នុងពិធីជួបសម្តែងការគួរសមនេះ លោក គូម៉ូរ៉ា ក៏បាននាំលោក ភីឌីអូ អូគុប៊ុក ជាអគ្គនាយកក្រុមហ៊ុនសាជីវកម្មហ៊្វរវ៉ើល និងជាប្រធានមូលនិធិស៊ីសេស ដែលជាអ្នកជំនួញនិងជាអ្នកសេដ្ឋកិច្ចមួយរូបមកជួបពិភាក្សាជាមួយនឹងសម្តេចតេជោផងដែរ។
សម្តេចតេជោបានស្នើទៅ លោក អូគុប៊ុក ឱ្យបន្តការវិនិយោគនិងលើកទឹកចិត្តឲ្យអ្នកវិនិយោគជប៉ុន បង្កើនសកម្មភាពថែមទៀតនៅកម្ពុជា និងជួយរកទីផ្សារនាំទំនិញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន។
សម្តេចតេជោ និងលោក គូម៉ូរ៉ា បានសំដែងការពេញចិត្ត និងរីករាយចំពោះការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានឈានដល់ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងរីករាយចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ និងពង្រីកលើគ្រប់វិស័យ ខណៈឆ្នាំនេះប្រទេសទាំងពីរនឹងប្រារព្ធពិធីរួមគ្នាអបអរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះដោយមានការបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំង។
លោក គូម៉ូរ៉ា បានកោតសរសើរចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការរក្សាបាននូវទំនាក់ទំនងទ្វេភាគីនេះ ឲ្យកាន់តែល្អប្រសើរ និងរីកចម្រើនរឹងមាំ។ ហើយសម្តេចតេជោក៏បានកោតសរសើ ចំពោះលោក គូម៉ូរ៉ា ដែលជាឥស្សរជនជប៉ុនមួយរូប ដែលបានរួមចំណែកក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា និងធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរមានការរីកចម្រើន ជាដៃគូដ៏ល្អ ពោលគឺចាប់តាំងពីឆ្នាំ១៩៩០មក។
សម្តេចតេជោមានប្រសាសន៍ពីតួនាទីរបស់ជប៉ុន ក្នុងការដើរតួនាទីសំខាន់ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ពិសេសជប៉ុនបានដើរតួនាទី និងផ្តល់មូលនិធិច្រើនជាងគេ នៅអង្គការសហប្រជាជាតិ ដែលសក្តិសមទទួលបាននូវតួនាទីកំពូលនោះ។
សម្តេចតេជោបន្តថា ថ្វីត្បិតតែសម្តេចលែងកាន់អំណាច តែសម្តេចនៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មិនមាននយោបាយប្រែប្រួលក្នុងនយោបាយការបរទេសរបស់ខ្លួន ចំពោះប្រទេសជប៉ុននោះទេ កម្ពុជានៅតែរក្សាទំនាក់ទំនង និងគោលនយោបាយល្អប្រសើរ និងពង្រឹងពង្រីកថែមទៀត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្តេចតេជោបន្ថែមថា កម្ពុជាគាំទ្រគោលនយោបាយ ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ ដែលគំនិតផ្តួចផ្តើមនោះ ឈរលើគោលដៅសំខាន់៣ គឺទី១ បម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ ទី២ មិនប្រឆាំងនិងប្រទេសណាមួយ និងទី៣ គាំទ្រចំពោះមជ្ឈភាពរបស់ប្រទេសអាស៊ាន។
សម្តេចតេជោក៏បានវាយតម្លៃខ្ពស់ចំពោះទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បើទោះបីជាឆ្លងកាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ការវិនិយោគរបស់ជប៉ុនមានការកើនឡើង។ សម្តេចផ្តល់នូវសេចក្តីសង្ឃឹមថា ជប៉ុននិងបន្តជួយកម្ពុជាថែមទៀត ទៅលើវិស័យហេដ្ឋរចនាសម្ព័ន្ធចាំបាច់ ដែលត្រូវតែលើកកម្កើន ក្នុងនោះសម្តេចបានសំណូមពរឲ្យមានការជំរុញការអភិវឌ្ឍនៅកំពុងផែក្រុងព្រះសីហនុ ធ្វើយ៉ាងណាឲ្យជម្រៅទឹកជ្រៅដើម្បីអាចឲ្យនាវាធំៗ ដឹកទំនិញចូលដល់កំពុងផែក្រុងព្រះសីហនុ ដើម្បីឲ្យកំពុងផែក្រុងព្រះសីហនុ អាចមានសមត្ថភាពប្រកួតប្រជែងខ្លាំង រួមទាំងការពន្លឿនការតភ្ជាប់ទាំងផ្លូវទឹក ផ្លូវគោគ និងផ្លូវអាកាស។
លោក គូម៉ូរ៉ា មានប្រសាសន៍ថា លោកនឹងរង់ចាំទទួលស្វាគមន៍សម្តេចតេជោ ដែលនឹងអញ្ជើញទៅពិនិត្យសុខភាពនៅប្រទេសជប៉ុន ក្នុងពេលវេលានាពេលខាងមុខ៕