វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

កម្ពុជាបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការការពារសត្វផ្សោតទន្លេមេគង្គលើឆាកអន្តរជាតិតាមរយៈសិល្បៈ និងវិទ្យាសាស្រ្ត

ភ្នំពេញ៖ វីដេអូបទចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បង្ហាញយ៉ាងមោទននៃវត្តមានផ្សោត ទន្លេមេគង្គកម្ពុជា នៅក្នុងកិច្ចប្រជុំជាអន្តរជាតិមួយស្តីពី «ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក» នៅប្រទេសកូឡុំបីកាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ (ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែតុលានៅកម្ពុជា)។

ជាមួយគ្នានេះ គណៈប្រតិភូតំណាងកម្ពុជាមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការ WWF កម្ពុជា ក៏បានបង្ហាញពីការសមិទ្ធិផលការងារ ការស្រាវជ្រាវតាមបែបផែនបច្ចេកទេសវិទ្យាសាស្រ្ត និងការប្តេជ្ញាចិត្តក្នុងការអភិរក្សសត្វផ្សោតទឹកសាបក្នុងប្រទេសផង។

អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី អ៊ឹម រចនា បានមានប្រសាសន៍ថា៖ «នៅក្នុងការចូលរួមប្រជុំនៅប្រទេសកូឡុំប៊ី នាឱកាសនេះ កម្ពុជាបានបង្ហាញពីសក្តានុពលនៃធនធានជលផល និង ការប្តេជ្ញាចិត្តយ៉ាងមុះមុតរបស់កម្ពុជាក្នុងការការពារសត្វផ្សោតទន្លេមេគង្គដ៏មានតំលៃឥតគណនា»។

លោកស្រី អ៊ឹម រចនា បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដល់កិច្ចការពារអភិរក្សសត្វផ្សោត និងធនធានវារីសាស្រ្តក្នុងតំបន់ ស្របតាមគោលនយោបាយបញ្ចកោណ ដោយគាំទ្រ និងជម្រុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរាប់ចាប់ពីអ្នកសិល្បៈ សហគមន៍មូលដ្ឋាន អ្នកបច្ចេកទេសវិទ្យាសាស្រ្ត ដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិនានារួមគ្នា ដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធន់នឹងការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនេះ តារាចម្រៀង អ្នកនាង មាស សុខសោភា ដែលមានអ្នកគាំទ្រជាង ៥លាននាក់ក្នុងបណ្តាញហ្វេសប៊ុក បានលើកឡើងថា៖ «ខ្ញុំមានមោទនភាពណាស់ដែលបានច្រៀង និងបង្ហាញពីសម្បត្តិធម្មជាតិរបស់កម្ពុជាទៅអន្តរជាតិ ជាពិសេសសអំពី សត្វផ្សោតទន្លេមេគង្គដែលត្រូវបានចាត់ទុកថាជារតនសម្បត្តិជាតិមានជីវិត។ នេះគឺជាមោទនភាពមួយយ៉ាងធំធេង ដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារ និងគាំទ្រការអភិរក្សសត្វផ្សោតទន្លេមេគង្គទាំងអស់គ្នា ដើម្បីរក្សាបរិស្ថានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនឡើង»។

គួរឱ្យដឹងដែរថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៤ប៉ុណ្ណោះក្នុងពិភពលោក ដែលនៅមានវត្តមានសត្វផ្សោតទឹកសាបដ៏កំររស់នៅក្នុងទន្លេ (មេគង្គ)។ សត្វផ្សោតទឹកសាបសរុប ៦ប្រភេទកំពុងប្រឈមនឹងការផុតពូជ ដូច្នេះហើយទើបប្រទេសនានាដែលនៅមានវត្តមានសត្វផ្សោតទឹកសាប ចូលរួមបង្ហាញការប្តេជ្ញាចិត្តរួមគ្នាដើម្បីការពារសត្វផ្សោត និងទីជម្រកសត្វផ្សោត ក្នុងការប្រជុំនៅប្រទេសកូឡុំប៊ី នាថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០២៣នេះ។

នាយកអង្គការ WWF លោក សេង ទៀក បានមានប្រសាសន៍ថា៖ «ការចូលរួមពីគ្រប់ភាគីទាំងអស់គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ តួយ៉ាងនៅក្នុងការថ្លែងជាសកលរួមគ្នាក្នុងការការពារសត្វផ្សោតទឹកសាបនាពេលនេះ កម្ពុជាបានពាំនាំការចូលរួមពីអ្នកមានប្រជាប្រិយភាពក្នុងសង្គមដូចជាអ្នកនាងសោភា អ្នកបច្ចេកទេសវិទ្យាសាស្រ្តពីរាជរដ្ឋាភិបាលដោយធ្វើការក្នុងភាពជាដៃគូយ៉ាងជាមួយអង្គការ WWF បង្ហាញពីសុឆន្ទៈរួមដ៏សំខាន់ ដើម្បីផ្តល់ក្តីសង្ឃឹមដល់ការរស់រានមានជីវិតរបស់សត្វផ្សោតទន្លេមេគង្គ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក