
លោក ចាយ បូរិន៖ ព្រះពុទ្ធសាសនានៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៏សង្គមជាតិ ពិសេសអប់រំមនុស្សឆ្ពោះទៅរកសន្តិភាពផ្លូវចិត្ត
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន លើកឡើងថា ព្រះពុទ្ធសាសនានៅកម្ពុជាគឺជាសាសនារបស់រដ្ឋហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៏សង្គមជាតិ ពិសេសអប់រំមនុស្សឆ្ពោះទៅរកសន្តិភាពផ្លូវចិត្ត។
លោក ចាយ បូរិន ថ្លែងដូចនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំទ្វេរភាគីរវាងក្រសួងធម្មការនិងសាសនានៃកម្ពុជា ជាមួយប្រតិភូគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម សម្រាប់កិច្ចការសាសនានៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ លោក ង្វៀន អាញ់ជឹក ( HE. Nguyen Anh Chuc) អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
ក្នុងកិច្ចប្រជុំនេះ លោក ចាយ បូរិន គូសបញ្ជាក់ថា ក្រសួងធម្មការនិងសាសនា សូមស្វាគមន៏នៅការចូលរួមវគ្គសិក្សាបណ្តុះបណ្តាលជាមួយនិងរដ្ឋាភិបាលវៀតណាម ដើម្បីជាការរឹតចំណងមេត្រីភាពដែលមានស្រាប់ឲ្យកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។
ជាមួយគ្នានេះ លោក ង្វៀន អាញ់ជឹក ( HE. Nguyen Anh Chuc) បានលើកឡើងដោយផ្តោតលើគោលបំណងសំខាន់ៗរួមមាន ការពិនិត្យឡើងវិញនូវអ្វីដែលនៅសេសសល់មិនទាន់បានអនុវត្តចំពោះកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីលើវិស័យសាសនា និងបន្តកិច្ចសហប្រតិបត្តិការ លើការបណ្ដុះបណ្ដាលវគ្គសិក្សារវាងមន្ត្រីនៃប្រទេសទាំងពីរវៀតណាម កម្ពុជាដើម្បីពង្រឹងការ អនុវត្តច្បាប់ទម្លាប់របស់ប្រទេសនីមួយៗលើវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើន។
លោកក៏បានកោតសរសើរដល់ក្រសួងធម្មការនិងសាសនា ក្នុងអាណិត្តទី៧នេះ ដែលបានសហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀតណាមលើគ្រប់វិស័យបានឆាប់រហ័ស ឆ្លើយតបភ្លាមៗទៅនឹងតម្រូវការចំបាច់រវាងប្រជាជននៃប្រទេសទាំងពីរពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងធម្មការនិងសាសនាជាសេនាធិការ បានគ្រប់គ្រងបានយ៉ាងល្អលើគ្រប់សាសនានៅកម្ពុជាទទួលបាននៅសន្តិភាព គ្មានទំនាស់ខាងផ្នែកសាសនា ដោយយោគយល់គ្នាបានយ៉ាងល្អប្រសើរ។
នៅក្នុងកិច្ចប្រជុំនេះដែរ លោក ចាយ បូរិន និងលោក ង្វៀន អាញ់ជឹក បានឯកភាពគ្នាខិតខំបន្តរឹតចំណងសាមគ្គីភាព មិត្តភាព ការយោគយល់គ្នា និងការជឿទុកចិត្តគ្នា រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តាមរយៈក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម សម្រាប់កិច្ចការសាសនានៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីឈានដល់កម្រិតថ្មីមួយ ដែលអាចជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៏ វិស័យសាសនាឱ្យកាន់តែរីកចម្រើនថែមទៀត៕