សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថានៅថ្ងៃអនាគតនឹងបន្តកសាងមន្ទីរពេទ្យរដ្ឋខ្នាតធំផ្សេងៗទៀតនៅតាមបណ្តាខេត្ត
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅថ្ងៃខាងមុខ រាជរដ្ឋាភិបាលនឹងបន្តកសាងមន្ទីរពេទ្យរដ្ឋខ្នាតធំដូចនឹង «មន្ទីរពេទ្យជាតិតេជោសន្តិភាព» ដែលទើបនឹងសម្ពោធនៅថ្ងៃនេះ នៅតាមតំបន់ក្នុងបណ្តាខេត្តផ្សេងៗទៀតផងដែរ។
សម្តេចធិបតីថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិតេជោសន្តិភាព» ដែលស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកនេះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
សម្តេចធិបតីថ្លែងថា៖ «នៅថ្ងៃមុខ ខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជាគ្រប់ៗរូបនឹងទទួលបានការថែទាំសុខភាពដ៏ល្អប្រសើរ ហើយយើងនឹងមានមន្ទីរពេទ្យខ្នាតធំបែបនេះជាបន្តបន្ទាប់នៅតាមតំបន់សំខាន់ៗទូទាំងព្រះរាជាណាចក្រកម្ពុជា»។
នាយករដ្ឋមន្ត្រីបានណែនាំឱ្យលោកគ្រូអ្នកគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ព្យាបាល និងថែទាំអ្នកជំងឺគ្រប់កម្រិត និងមកពីគ្រប់មជ្ឈដ្ឋាន។ ជាពិសេសសម្តេចធិបតី ណែនាំឱ្យគ្រប់មណ្ឌលសុខាភិបាល និងមន្ទីរពេទ្យទាំងអស់ពង្រឹងគុណភាពលើការផ្តល់សេវាសុខាភិបាលដល់ប្រជាជនគ្រប់រូបទាំងអស់។
សម្តេចធិបតី ថ្លែងថា៖«យើងត្រូវធានាថា មន្ទីរពេទ្យរដ្ឋគឺជាកន្លែងដែលសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋប្រកបដោយគុណធម៌ មេត្តាធម៌ និងជាទីពឹងដែលគួរឱ្យទុកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស»៕