ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលអណត្តិថ្មីផ្ដោតការយកចិត្តទុកដាក់ពង្រឹងគុណភាពលើវិស័យសុខាភិបាលដោយចាប់ផ្ដើមពីថ្នាក់មូលដ្ឋានឡើងទៅលើ។
ថ្លែងនៅក្នុងពិធីសម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព ព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដើម្បីពង្រឹងគុណភាពសុខាភិបាល រដ្ឋាភិបាលនឹងធ្វើយ៉ាងណាឲ្យបុគ្គលិកសុខាភិបាលមានក្រមសីលធម៌ និងវិជ្ជាជីវៈ ដាក់ពង្រាយពេទ្យតាមមណ្ឌលសុខភាព ជាមួយនឹងការផ្គត់ផ្គង់ឱសថ និងសម្ភារៈពេទ្យឲ្យបានគ្រប់គ្រាន់ទៅដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងប្រទេស។
ជាងនេះទៅទៀតត្រូវពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងអាគារព្យាបាល និងការរៀបចំឌីជីថលតាមមណ្ឌលសុខភាពទាំងអស់ផងដែរ។
សម្ដេចថា៖ «យើងធ្វើជាជំហានជំហានប៉ុន្តែការពង្រឹងជាចក្ខុវិស័យគឺយើងពង្រឹងពីថ្នាក់មូលដ្ឋាន»។
សម្ដេចថាថ្នាក់មូលដ្ឋានទាំងនេះ គឺមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ដែលត្រូវពង្រឹងចាប់ពីពេលនេះតទៅ៕