ភ្នំពេញ៖ ក្រុមហ៊ុននាំចូល និងដំឡើងរថយន្តដ៏ធំនៅស្រុកខ្មែរ អ អឹម អេ (ខេមបូឌា) បានអំពាវនាវឱ្យយុវជនងាកមកសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈកម្រិតធម្យម និងកម្រិតខ្ពស់ព្រោះបច្ចុប្បន្ននេះក្រុមហ៊ុនធំៗ កំពុងមានតម្រូវការជំនាញបច្ចេកទេសទាំងនេះដើម្បីបំពេញទីផ្សារការងារ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ ដែលមានយុវជនចូលរួមរាប់រយនាក់ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះ ប្រធាននាយកដ្ឋានបណ្តុះបណ្តាលធនធានមនុស្ស តំណាងក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) លោក សាយ រតនៈ មានប្រសាសន៍ថា ក្រុមហ៊ុនធំៗជាពិសេសក្រុមហ៊ុនរបស់លោកកំពុងមានតម្រូវការបុគ្គលិកដែលមានជំនាញបច្ចេកទេសកម្រិតមធ្យម និងខ្ពស់សម្រាប់បម្រើការក្នុងសង្វាក់ផលិតកម្មដែលមានឱកាសការងាររាប់រយកន្លែងក្នុង១ខែៗ។
លោកថ្លែងថា៖ «ជាមធ្យមក្រុមហ៊ុនរបស់លោកត្រូវការបុគ្គលិក ១០០ទៅ ២០០នាក់ក្នុងមួយខែ ក្នុងនោះភាគច្រើនក្រុមហ៊ុនជ្រើសរើសអ្នកជំនាញបច្ចេកទេសមធ្យម និងខ្ពស់ៗ។ ដូច្នេះខ្ញុំលើកទឹកចិត្តឲ្យយុវជនត្រៀមលក្ខណៈក្នុងការចាប់ជំនាញបច្ចេកទេសទាំងនោះ ព្រោះទីផ្សារបច្ចុប្បន្នមានតម្រូវការណាស់ខណៈដែលកម្លាំងពលកម្មបច្ចុប្បន្នត្រូវការបណ្តុះបណ្តាល»។
លោក សាយ រតនៈ បានឱ្យដឹងទៀតថា ប្រទេសកម្ពុជាកំពុងប្រែក្លាយពីប្រទេសប្រើប្រាស់រថយន្តមកជាប្រទេសដំឡើងរថយន្ត ហើយថ្ងៃខាងមុខ គឺឆ្ពោះបន្តទៅប្រទេសផលិតរថយន្ត ដូចនេះ តម្រូវការលើអ្នកជំនាញបច្ចេកទេសកម្រិតមធ្យម និងខ្ពស់គឺជាអាទិភាពដែលក្រុមហ៊ុនត្រូវការ ខណៈដែលក្រុមហ៊ុនបានចំណាយថវិកាមិនតិចជាងកន្លះលានដុល្លារជារៀងរាល់ឆ្នាំដើម្បីបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញបន្ថែមដល់បុគ្គលិកដែលមានជំនាញកម្រិតទាបឱ្យចាប់យកជំនាញកម្រិតធម្យម និងខ្ពស់ដើម្បីបំពេញចន្លោះខ្វះខាត។
លោកបញ្ចាក់ទៀតថា ការមានជំនាញមធ្យម និងខ្ពស់នេះ គឺនឹងធ្វើឱ្យប្រជាពលរដ្ឋមានចំណូលខ្ពស់មានជីវភាពធូធារ ហើយអាចចូលរួមជាមួយរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
គួរឱ្យដឹងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការភីផលអីននិត (People in Need Cambodia) និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀតនឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល ២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់។
ពិព័រណ៍ការងារនេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ១៥០ ហើយមានស្តង់សរុបជាង១៨០ ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ២ម៉ឺនកន្លែង ហើយក្រសួងរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ៣០ ០០០នាក់ផងដែរ៕