
ក្រសួងយុត្តិធម៌រៀបចំផែនការសកម្មភាពសម្រាប់យុទ្ធនាការសំខាន់ៗចំនួន ៣ ដែលចាត់ទុកជាបទបញ្ជា និងទិសដៅការងារដ៏មុតស្រួចដែលត្រូវអនុវត្ត
កោះកុង៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ លើកឡើងថា ក្រសួងយុត្តិធម៌បានរៀបចំផែនការសកម្មភាពសម្រាប់យុទ្ធនាការសំខាន់ៗចំនួន៣ ដែលចាត់ទុកជាបទបញ្ជា និងទិសដៅការងារដ៏មុតស្រួចដែលត្រូវអនុវត្តយុទ្ធនាការបីសំខាន់ ដើម្បីឆ្លើយតបនឹងការផ្តល់ទំនុកចិត្ត របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។
លោក កើត រិទ្ធ ថ្លែងដូចនេះក្នុងឱកាសចូលរួម ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង នាថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។
ក្នុងឱកាសនេះ លោក កើត រិទ្ធិ បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ផ្សេងៗ អំពីទិសដៅការងារកែទម្រង់វិស័យ យុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ។ កិច្ចការនេះ នៅតែជាអាទិភាព ដែលជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
លោក កើត រិទ្ធ បានលើកឡើងថា ឆ្លើយតបនឹងការផ្តល់ទំនុកចិត្តរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌បានរៀបចំផែនការសកម្មភាពសម្រាប់យុទ្ធនាការសំខាន់ៗចំនួន ៣ ដែលត្រូវបានចាត់ទុកជាបទបញ្ជា និងទិសដៅការងារដ៏មុតស្រួចដែលត្រូវអនុវត្ត គឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
លោកបានគូសបញ្ជាក់ថា យុទ្ធនាការដ៏មានសារៈសំខាន់ទាំង៣នេះ មានសសរស្តម្ភ ចំនួន២ គឺសសរស្តម្ភទី១ ការកែទម្រង់លើការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការ និងសសរស្តម្ភទី២ ការកែទម្រង់លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលសសរស្តមទាំងពីរនេះមាននៅក្នុងច្បាប់ ហើយស្របច្បាប់។
ថ្លែងក្នុងក្នុងពិធីនេះ រដ្ឋមន្ត្រីយុត្តិធម៌បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះ លោកស្រី ចាតសូ រស្មី ដែលត្រូវបានផ្ទេរ និងតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ លោក រស់ សារាំ ព្រមទាំងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ ដែលបានគាំទ្រ និងផ្តល់ការសហការបានល្អប្រសើរ ក្នុងការធានាថែរក្សានូវស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ កន្លងទៅនេះ ជាពិសេសការខិតខំអនុវត្តភារកិច្ចក្នុងការធ្វើចំណាត់ការរឿងក្តីព្រហ្មទណ្ឌទាន់ពេលវេលា ពុំឱ្យមានការកក់ស្ទះ ហើយក៏បានស្នើឱ្យបន្តនូវកិច្ចសហការដ៏ល្អនេះទៀត៕