អបអរសាទរ! កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន២ ជាប់ជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍យុវជនឈានមុខគេ
ភ្នំពេញ៖ កម្ពុជាទទួលបានជ័យលាភី ចំនួន២ ជាប់ជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍យុវជនឈានមុខគេនៅក្នុងក្របខណ្ឌនៃ «ពានរង្វាន់នៃការធ្វើដំណើរពិភពលោក” សម្រាប់ឆ្នាំ២០២៣ (World Travel Awards 2023)»។ នេះបើតាមក្រសួងទេសចរណ៍ដែលចុះផ្សាយកាលពីថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។
តាមប្រភព World Travel Awards ដែលក្រសួងទេសចរណ៍ដកស្រង់ កម្ពុជាទទួលបានជ័យលាភីលើវិស័យទេសចរណ៍ចំនួន២ គឺកម្ពុជាជាប់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Cultural Destination) ហើយជ័យលាភីទី២ គឺ កម្ពុជាជាប់ជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Youth Travel Destination)។
គូសបញ្ជាក់ថា ឆ្នាំមុនកម្ពុជាក៏បានទទួលពានរង្វាន់ពិភពលោកចំនួន២នេះផងដែរ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។
នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥លាននាក់ ខណៈ ៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង ៣,៥លាននាក់៕