ទូតវៀតណាមនៅកម្ពុជា ស្នើរដ្ឋសភាកម្ពុជា ជំរុញការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ
ភ្នំពេញ៖ អនុប្រធានទី២រដ្ឋសភា លោក វង សូត បានទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន ហ៊ុយតាំង និងគណៈប្រតិភូ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនោះភាគីទាំងពីរបានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងជាប្រវត្តិសាស្ត្រប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងគ្នាលើគ្រប់វិស័យកាន់តែល្អប្រសើររហូតមកបច្ចុប្បន្ននេះ។
លោក វង សូត មានមោទនភាពចំពោះប្រទេសទាំងពីរដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការសម្រេចបាននូវការរៀបចំខ័ណ្ឌសីមា រវាងប្រទេសទាំងពីរ បានប្រមាណ ៨៤% ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយ។ លោក វង សូត សង្ឃឹមថាប្រទេសទាំងពីរនឹងសម្រេចបាននូវការព្រមព្រៀងលើកព្រំដែនសីមា ដែលនៅសេសសល់ ក្នុងពេលឆាប់ៗនេះ។
អនុប្រធានទី២រដ្ឋសភា បានអរគុណដល់មិត្តវៀតណាម ដែលតែងជួយឧបត្ថម្ភគាំទ្រដល់កម្ពុជារាប់តាំងពីការជួយស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ ជាមួយនឹងជំនួយក្នុងការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា។ លោកក៏បានសំណូមពរដល់អគ្គរដ្ឋទូត ជួយជំរុញដោះស្រាយបញ្ហាផ្សេងក្នុងការបញ្ចាប់ការងារសាងសង់ឱ្យបានឆាប់។
ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ រដ្ឋសភាប្រទេសទាំងពីរ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយគ្នា ក្នុងគ្រប់កម្រិត។ ជាអាទិ៍ ថ្មីៗនេះរដ្ឋសភាប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ បានធ្វើទស្សនកិច្ចសិក្សារួមគ្នាទៅកាន់តំបន់ត្រីកោណ ដើម្បីស្វែងយល់អំពីតម្រូវការរបស់ប្រជាជននៃខេត្តនៅតាមបន្ទាត់ព្រំដែនប្រទេសទាំងបី សំដៅស្វែងរកការអភិវឌ្ឍរួមគ្នា ប្រែក្លាយតំបន់នេះ ទៅជាតំបន់នៃការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។
ឯកអគ្គរដ្ឋទូតវៀតណាម លោក ង្វៀន ហ៊ុយតាំង បានអបអរសាទរចំពោះកម្ពុជា ដែលទទួលជោគជ័យក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការរៀបចំរក្បាលម៉ាស៊ីនដឹកនាំ រដ្ឋសភា និងរដ្ឋាភិបាលថ្មីដោយរលូន។
ក្នុងឱកាសនោះ អគ្គរដ្ឋទូត បានស្នើរដ្ឋសភាកម្ពុជា ជំរុញការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើតយន្តការថ្មីៗបន្ថែមទៀត។ លោកក៏បានសំណូមពររដ្ឋសភាកម្ពុជា ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយ ដែលរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាកន្លងមក ព្រមទាំងបន្តការសហការគ្នាលើការឃោសនាអប់រំ ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់អំពីទំនាក់ទំនង នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
ជាការឆ្លើយតប លោក វង សូត បានគាំទ្រ និងឯកភាពចំពោះប្រសាសន៍របស់ ឯកអគ្គរដ្ឋទូត និងបង្ហាញការគាំទ្រចំពោះរដ្ឋាភិបាលទាំងពីរ ក្នុងការតភ្ជាប់ផ្លូវល្បឿនលឿន និងផ្លូវរថដែក រវាងប្រទេសទាំងពីរ ដែលផ្តួចផ្តើមឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗ។
លោក វង សូត បានចាត់ទុកថា នេះជាការរីកចម្រើនថ្មីមួយទៀត ហើយសង្ឃឹមថាប្រទេសទាំងពីរ នឹងសម្រេចបានសមិទ្ធផលទាំងនេះ ក្នុងពេលឆាប់ៗ ដើម្បីជំរុញការអភិវឌ្ឍរួមសម្រាប់ប្រទេសទាំងពីរ កម្ពុជា-វៀតណាម៕