ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សហជីពវិស័យកាត់ដេរ គាំទ្រគោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតំបន់រោងចក្រ

ភ្នំពេញ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានសម្តែងការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៃអាណត្តិទី៧នេះ ក្នុងការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅតាមគោលដៅរោងចក្រសហគ្រាស ឱ្យបានច្រើនបន្ថែមទៀត។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាពេលថ្មីៗនេះ លោក ប៉ាវ ស៊ីណា យល់ឃើញថា នេះជាចំនុចល្អបំផុតដែលរាជរដ្ឋាភិបាល បានគិតគូរមិនត្រឹមតែទៅលើការងាររបស់កម្មករនិយោជិតនៅតាមបណ្តារោងចក្រសហគ្រាសប៉ុណ្ណោះទេ តែក៏បានគិតគូរដល់ស្ថានភាពជីវភាពនៃក្រុមគ្រួសារកម្មករនិយោជិតទៀតផង។

លោក ប៉ាវ ស៊ីណា លើកឡើងថា កន្លងមកកម្មករនិយោជិតដែលមានកូនតូច តែងសម្តែងការព្រួយបារម្ភអំពីបញ្ហាសុខភាព សុវត្ថិភាព និងការមើលថែទាំកូនរបស់ខ្លួន នៅពេលកំពុងបំពេញការងារ។ ដូចនេះ ការដែលមានទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅក្នុងក្បែររោងចក្រសហគ្រាស នឹងធ្វើឲ្យកម្មករនិយោជិតដែលមានកូនតូច មានភាពកក់ក្តៅចិត្ត និងមានការផ្តោតអារម្មណ៍ទៅលើការងារ។

ក្នុងនាមជាប្រធានសហជីពតំណាងកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ក៏ដូចជាកម្មករនិយោជិតដែលមានកូនតូចៗ ពិតជាចង់ឃើញការមានទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅក្បែររោងចក្រសហគ្រាសបានឆាប់ ប៉ុន្តែលោកក៏គិតដែរថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍នេះ គឺត្រូវការពេលវេលាទៅតាមដំណាក់កាល ដូចដែលរាជរដ្ឋាភិបាលបានកំណត់ការអនុវត្តក្នុងគោលនយោបាយនៃអាណត្តិទី៧នេះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនាពេលថ្មីៗនេះដែរថា រាជរដ្ឋាភិបាលបានគិតគូរជាជំហាន ដើម្បីជួយសម្រួលដល់កម្មករ-កម្មការិនីដែលមកធ្វើការ ជួបការលំបាកក្នុងការថែទាំកូន ដោយខ្លះអាចយកកូនទៅផ្ញើអ្នកជិតខាង ឬជួលអ្នកថែទាំ ដែលត្រូវចំណាយបន្ថែម និងបារម្ភពីសុវត្ថិភាពកូនផងនោះ។ ដូចនេះ ការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រសហគ្រាស គឺជាការគិតគូរពីអត្ថប្រយោជន៍ការងារ ក្នុងរយៈពេលវែង និងថែមទាំងសម្រួលបន្ទុកអាណាព្យាបាលក្នុងការមើលថែកូនៗបានមួយកម្រិត ក៏ដូចជាលើកកម្ពស់អត្រាចូលសិក្សារបស់កុមារចាប់ពីកំរិតមត្តេយ្យផងដែរ។

ជាមួយគ្នា មត្តេយ្យសហគមន៍ គឺមិនមែនសម្រាប់តែកម្មករកម្មការិនីប៉ុណ្ណោះទេ តែក៏សម្រាប់កូនចៅប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះផងដែរ ដែលអាចយកកូនចៅទៅដាក់នៅមត្តេយ្យសហគមន៍នៅក្បែរផ្ទះរបស់ពួកគាត់។

គួរបញ្ជាក់ថា ការបង្កើតទារកដ្ឋាន និងមត្តេយ្យសិក្សាសហគមន៍ នៅក្បែរតំបន់រោងចក្រ គឺជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពទាំង ៤ចំនុច នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលត្រូវអនុវត្តក្នុងរយៈពេលពីរឆ្នាំ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ។

យោងតាមរបាយការណ៍ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មករនិយោជិតជាស្ត្រី ដែលបានសម្រាលកូនមានចំនួន ៤១៩ ០៤៤នាក់ និងសម្រាលកូនបានចំនួន ៤០៦ ០១២នាក់។ ដោយឡែក គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ កម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនមានចំនួន ១០ ០៦២នាក់ សម្រាលកូនបានចំនួន ៩ ៦៨៥នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក