ភ្នំពេញ៖ នាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: កាលពី២១ ខែតុលា ឆ្នាំ២០២៣ បានបង្រៀនពីរបៀបធ្វើ«មុខខ្មុក»ដល់កុមារនៃក្រុមល្ខោនខោលវត្តស្វាយអណ្តែត និងសិស្សានុសិស្សនៅសាលារៀនវត្តស្វាយអណ្តែត ដែលស្ថិតនៅក្នុងឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដោយឥតគិតថ្លៃ ដើម្បីបង្រៀនដល់កុមារនៃក្រុមល្ខោនខោលវត្តស្វាយអណ្តែតចេះពីរបៀបជួសជុលមុខខ្មុកលោ្ខនខផលដោយខ្លួនឯង និងអាចឱ្យពួកគេរកប្រាក់កម្រៃបានផងដែរ ដូចចាស់លោកពោលថា«បើចេះប្រាកដ ប្រាក់រត់តាមហៅ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ លោក ស៊ីយ៉ន សុភារិទ្ធ បានកោតសរសើរចំពោះលោកគ្រូអ្នកគ្រូនៃនាយកដ្ឋានសិល្ប:សូនរូបនិងសិល្ប:សិប្បកម្ម ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តក្នុងការបង្រៀន និងធ្វើដំណើរយ៉ាងឆ្ងាយ ដោយមានឆ្លងទឹកផង ដើម្បីបង្រៀនដល់កុមារនៃក្រុមល្ខោនខោល។
លោកអគ្គនាយកក៏បានស្នើសុំឲ្យកុមារៗទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រ ដើម្បីតបស្នងចំពោះការលះបង់ប្រឹងប្រែងនៃរៀមច្បង និងដើម្បីបន្តថែរក្សានូវមរតកខ្មែរទាំងអស់គ្នា។
សូមរំលឹកថា ល្ខោនខោលវត្តស្វាយអណ្តែតត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូដែលត្រូវការបន្ទាន់(Need Urgent Safeguarding list) កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕