ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន ២ ១០១គ្រួសារដែលរស់នៅក្នុងសង្កាត់ចំនួន១០នៃខណ្ឌដង្កោ រាជធានីភ្នំពេញ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ តាមរយៈអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ និងលោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង។
អំណោយដែលពលរដ្ឋក្នុងមួយគ្រួសារទទួលបានរួមមាន អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ ដោយឡែក ទឹកត្រី ៦ដប, ទឹកបរិសុទ្ធ ១កេស និងថវិកា ៣ម៉ឺនរៀល ជាអំណោយរបស់ លោក ឃួង ស្រេង ដែលជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។
ពិធីផ្តល់អំណោយនេះ ធ្វើឡើងនៅទីតាំងចំនួន ២ គឺទីតាំងទី១ នៅវត្តកំពង់ក្តុល សម្រាប់ប្រជាពលរដ្ឋ ១.៥៤៨គ្រួសារ មកពីសង្កាត់សាក់សំពៅ ព្រៃវែង គងនយ ទាន ក្រាំងពង្រ និងសង្កាត់ស្ពានថ្ម។ ទីតាំងទី២ នៅវត្តព្រែកថ្លឹង សម្រាប់ប្រជាពលរដ្ឋ ៥៥៣គ្រួសារ មកពីសង្កាត់ព្រែកកំពឹស ជើងឯក ដង្កោ និងសង្កាត់ព្រៃស។
ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ និងលោក ឃួង ស្រេង ក៏បាននាំយក ទេយ្យទានរបស់កាកបាទក្រហមកម្ពុជា ប្រគេនដល់វត្តកំពង់ក្តុល និងវត្តព្រែកថ្លឹង ផងដែរ ដោយវត្តនីមួយៗប្រគេន អង្ករ ១០០គីឡូក្រាម មី៤កេស ត្រីខ១កេស ទឹកស៊ីអ៊ីវ២យួរ ទឹកត្រី២យួរ ទឹកក្រូច៤កេស ទឹកសុទ្ធ៤កេស និងបច្ច័យមួយចំនួន៕