ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អ្នកនាំពាក្យអាកាសចរស៊ីវិលថា ពុំមានការហាមប្រាមសេវាដឹកជញ្ជូនក្រៅប្រព័ន្ធនៅក្នុងអាកាសយាន្ដដ្ឋាន សៀមរាប-អង្គរនោះទេ

ភ្នំពេញ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងថាពុំមានការហាមឃាត់សេវាដឹកជញ្ជូនក្រៅប្រព័ន្ធដឹកភ្ញៀវចេញពីអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរនោះទេ តែត្រូវគោរព វិន័យសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ដូចដែលបានកំណត់ដោយអាកាសយានដ្ឋាន។

លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ថាការបង្កើតសេវាកម្មដឹកអ្នកដំណើរចេញពីព្រលានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺដោយសារតែអាកាសយានដ្ឋានថ្មីមានចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីទីរួមខេត្ដសៀមរាប ហើយក៏មិនទាន់មានសេវាដឹកជញ្ជូនសាធារណៈទៅដល់ទីនោះ ទើបអាកាសយាន្ដដ្ឋានសម្រេច ឲ្យមានប្រតិបត្តិការសេវាកម្មតាក់ស៊ី។

លោកបានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានសម្រេចផ្ទេរសិទ្ធិឲ្យក្រុមហ៊ុនមួយ ជាអ្នកធ្វើប្រតិបត្ដិការសេវាកម្មដឹកជញ្ជូន នៅក្នុងអាកាសយាន្ដដ្ឋាន ដែលមានតម្លៃ៖ រថយន្តធុនតូច ៣៥ដុល្លារមួយជើង និងឡានក្រុងតូច ៤០ដុល្លារមួយជើង ឬ៨ដុល្លារក្នុងម្នាក់។

លោកបន្តថា៖ «បើពិនិត្យតម្លៃដឹកជញ្ជូនតម្លៃរថយន្តក្រុង ៨ដុល្លារក្នុងម្នាក់ សម្រាប់រយៈចម្ងាយជិត៥០គីឡូម៉ែត្រ ធៀបនឹងការសេវាដឹកជញ្ជូនផ្សេងទៀត គិតជាគីឡូម៉ែត្រ គឺសេវាដឹកជញ្ជូនទាំងពីរនេះមានភាពប្រគួត ប្រជែង ហើយមិនមានអ្វីខុសគ្នាទេ»។

ទោះជាយ៉ាងណាលោកថា អ្នកដំណើរនៅតែមានជម្រើសក្នុងការធ្វើដំណើរ បើសិនជាអ្នកធ្វើដំណើរគិតថាថ្លៃ អាចមានការជ្រើសរើសរកសេវាដឹកជញ្ជូនផ្សេងៗទៀត ដែល មិនស្ថិតនៅក្នុងសមាគមអ្នកដឹកជញ្ជូន ក្នុងអាកាសយាន្ដដ្ឋានក៏បានផងដែរ។

លោកបន្ថែមថា ចំណែកឯអ្នកនៅក្រៅប្រព័ន្ធដែលមិនបានចុះបញ្ជីក៏អាចចូលដឹកជញ្ជូនអ្នកដំណើរបានដែរ ដូចគ្នានឹងព្រលាន យន្តហោះផ្សេងៗទៀត ដោយមិនមានហាមឃាត់មិនចូលនោះទេ តែពួកគាត់ត្រូវគោរព វិន័យសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ដូចដែលបានកំណត់ដោយអាកាសយានដ្ឋាន បើត្រូវការចតចាំគឺត្រូវចតនៅទីតាំងដែលគេបានកំណត់ ហើយត្រូវបង់ថ្លៃចំណតបើចតហួសពេលការកំណត់ដូចគេដូចឯងផងដែរ។

សូមរំលឹកថា ក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៊ិន (ខេមបូឌា) ឯ.ក នាពេលថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងអំពីតាក់ស៊ី នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយបានផ្ទេរសិទ្ធិឲ្យ Tourist Transport Association for Siem Reap International Airport (TTA) ធ្វើប្រតិបត្តិការសេវាកម្មតាក់ស៊ី ហើយក៏អាចមានក្រុមហ៊ុន លេមូស៊ីន (Lemo) ដើម្បីធានាការធ្វើដំណើររបស់ភ្ញៀវទេសចរ។

ដើម្បីធ្វើប្រតិបត្តិការឲ្យបានល្អ TTA នឹងបញ្ជូនរថយន្តធុនតូចចំនួន២៦១គ្រឿង (តិចជាង៧កៅអី និងឡានក្រុងតូច៦៩គ្រឿង) (មាន៨កៅអី ដល់១៥កៅអី) ដើម្បីបំពេញតម្រូវការអ្នកដំណើរ ស្ដង់ដារការគិតប្រាក់សេវាតាក់ស៊ី៖ រថយន្តធុនតូច៣៥ដុល្លារមួយជើង, ឡានក្រុងតូច៤០ដុល្លារមួយជើង ឬម្នាក់ ៨ដុល្លារ៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក