សាធារណរដ្ឋប្រជាមានិតចិន៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចុះទស្សនកិច្ចថែទាំវិនិយោគិន បង្ហាញជូនឱកាសវិនិយោគថ្មីៗ និងពិភាក្សាការងារជាមួយលោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) និងលោក Jianlin Bao អនុប្រធានក្រុមហ៊ុន Huawei Technologies Co., Ltd.។
ដំណើរទស្សនកិច្ចថែទាំវិនិយោគដោយផ្ទាល់ជាលើកដំបូង (Investment Aftercare) ដល់ស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនផលិតកង់ XDS Bicycle និងក្រុមហ៊ុន Huawei នេះគឺជាបេសកកម្មលើកទី១ របស់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនីតិកាលទី៧ ដើម្បីបង្ហាញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់វិនិយោគិនក្រៅប្រទេសដែលបានចូលមកវិនិយោគនៅកម្ពុជា តាមរយៈការចុះសួរសុខទុក្ខវិនិយោគិនដោយផ្ទាល់ និងជម្រាបជូនអំពីឱកាសវិនិយោគថ្មីៗនៅកម្ពុជា ដល់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។
ក្នុងជំនួបជាមួយ XDS Bicycle ក្រុមហ៊ុនបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការយកចិត្តទុកដាក់ជាខ្លាំង និងបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័សក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសជាងនេះទៅទៀត ក្រុមហ៊ុនបានបង្ហាញអំពីចក្ខុវិស័យ ក្នុងការពង្រីករោងចក្ររបស់ខ្លួនដែលមានទីតាំងក្នុងក្រុងបាវិត ឱ្យមានទំហំធំដូចរោងចក្រ ក្នុងទីស្នាក់ការកណ្តាលទីក្រុង Shenzhen នេះផងដែរ។
ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន XDS Bicycle ដែលសម្រេចចិត្តចូលមកវិនិយោគបង្កើតរោងចក្រនៅកម្ពុជា រហូតបច្ចុប្បន្ននេះបានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋប្រមាណ ១ ៤០០នាក់រួចមកហើយ។ បន្ថែមពីនោះលោកឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនលើកជាសំណូមពរ និងបង្ហាញនូវបញ្ហាប្រឈមដែលក្រុមហ៊ុនកំពុងជួប ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមដោះស្រាយ ក្នុងទិសដៅជម្រុញឱ្យក្រុមហ៊ុនវិនិយោគពង្រីករោងចក្របន្ថែមទៀតនៅកម្ពុជា ព្រមទាំងអាចប្រែក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាព (Center of Excellence) នៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានឆ្លៀតយកឱកាសនេះផ្តួចផ្តើមគំនិតឱ្យមានរៀបចំការជិះកង់របស់ក្រុមហ៊ុនផ្ទាល់ (XDS Bike Tour) នៅក្នុងខេត្តសៀមរាប ដើម្បីគោលដៅសំខាន់ៗចំនួន៤ រួមមាន៖ ១). ផ្សព្វផ្សាយអំពីការវិនិយោគរបស់ក្រុមហ៊ុន XDS នៅកម្ពុជា ២). ផ្សព្វផ្សាយអំពីវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ៣). ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន និង៤). រៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ។
ក្នុងដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Huawei បទបង្ហាញអំពីនវានុវត្តឌីជីថលថ្មីៗ រួមមាន ប្រព័ន្ធរដ្ឋបាលឌីជីថល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធកំពង់ផែឌីជីថល ប្រព័ន្ធអាកាសយានដ្ឋានឆ្លាតវៃ ទីក្រុងឌីជីថល ប្រព័ន្ធគ្រប់គ្រងថាមពលឌីជីថល ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល និងប្រព័ន្ធទំនើបផ្សេងៗទៀតត្រូវបានជម្រាបជូនដល់គណៈប្រតិភូកម្ពុជា។ ក្រុមហ៊ុនក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Huawei និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមកក្នុងការចូលរួមក្នុងធ្វើឌីជីថលូបនីយកម្ម របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ជម្រាបជូនក្នុងដំណើរទស្សនកិច្ចនេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលនយោបាយ និងចក្ខុវិស័យសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ក្រុមហ៊ុនឱ្យជ្រាបកាន់តែច្បាស់។ ពិសេសជាងនេះ លោកក៏បានបញ្ចាក់បន្ថែមផងដែរថា វិស័យបច្ចេកវិទ្យាឌីជីថលបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល តាមរយៈផ្តល់ការលើកទឹកចិត្តជាពិសេសដល់វិនិយោគិនដែលធ្វើការវិនិយោគលើវិស័យនេះក្នុងព្រះរាជាណាចក្រកម្ពុជា។ អាស្រ័យលើកត្តាអំណោយផលនេះលោកឧបនាយករដ្ឋមន្ត្រី បានជម្រុញលើកទឹកចិត្តខ្ពស់ឱ្យក្រុមហ៊ុនបង្កើតសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់ផងដែរ៕