ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្រ្តីកសិកម្មពន្យល់ពីមូលហេតុដែលមងក្រឡាធំធ្វើឱ្យរងគ្រោះដល់សត្វផ្សោត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកឡើងថាមងក្រឡាធំគឺជាបញ្ហាប្រឈមនៃសត្វផ្សោតទន្លេនៅតំបន់អភិរក្សដោយស្នើដល់ពលរដ្ឋត្រូវចូលរួមក្នុងការអភិរក្សសត្វដែលជិតផុតពូជនេះ។ លោកថាភាពគ្រោះថ្នាក់នៃសត្វផ្សោតគឺដោយសារសត្វនេះមិនមែនស្ថិតក្នុងប្រភេទត្រីនោះទេ គឺស្ថិតក្នុងអំបូរថនិកសត្វដែលត្រូវការខ្យល់ដើម្បីរស់។

ថ្លែងក្នុងពិធីបើកពិព័ណ៌រូបថតសត្វផ្សោតទន្លេមេគង្គល្ងាចថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានភាសាបារាំង ក្នុងរាជធានីភ្នំពេញ លោករដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថាកិច្ចការអភិរក្សសត្វផ្សោតមិនមែនភាគីណាមួយធ្វើបានជោគជ័យនោះទេពោលគឺត្រូវការការចូលរួមទាំងអស់គ្នា។ លោកថាសត្វផ្សោតខុសពីត្រីគឺវាចិញ្ចឹមកូនដោយទឹកដោះ និងមានសួតដើម្បីដកដង្ហើម ដោយសារមូលហេតុនេះហើយទើបការងារអភិរក្សមានការពិបាក។

លោកថា៖ «ផ្សោតវានៅក្នុងទឹកមែនតែវាចិញ្ចឹងកូនដោយទឹកដោះ ហើយវាដកដង្ហើម វានៅក្នុងទឹកមែនតែវាមានសួត វាអត់មានស្រកីដូចត្រីទេ! ត្រីមិនចាំបាច់ងើបមកយកខ្យល់ទេ តែផ្សោតនេះបើគ្នាអត់ដកដង្កើមទេគឺងាប់ហើយ»។

លោកថាភាពផុយស្រួយនេះគឺជាបញ្ហាប្រឈមនៅពេលដែលផ្សោតត្រូវជាប់អន្ទាក់ ឬមងក្រឡាធំនៅក្នុងទឹក និងត្រូវការកន្លែងពិសេសដើម្បីរស់នៅហើយនៅកម្ពុជាមានទីតាំងម្តុំព្រែកកាំពី ក្នុងខេត្តក្រចេះ រហូតដល់ស្ទឹងត្រែង មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។


ប្រធានអង្គការ WWF ប្រចាំកម្ពុជាលោក សេង ទៀក បានឱ្យដឹងថាតំបន់ដែលផ្សោតរស់នៅគឺជាកន្លែងដែលស្អាត និងស័ក្កិសមបំផុតសម្រាប់ការរស់នៅរបស់ពួកវា ដែលក៏បានបង្ហាញផងដែរថាប្រព័ន្ធអេកូឡូស៊ីនៅតំបន់នោះគឺល្អបំផុត។

លោកថា៖ «ខ្ញុំយល់ថាជំហានដំបូងគឺត្រូវបំផុសពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់ សារប្រយោជន៍នៃសត្វកម្រនៅលើពិភពលោក។ តម្រូវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទដែលប្រើប្រាស់ឧបករណ៍ខុសច្បាប់នេះឱ្យបានយល់ពីសារៈសំខាន់របស់វាជាមុនដើម្បីឱ្យវាចូលរួមក្នុងការគ្រប់គ្រងបេតិកភណ្ឌមានជីវិតរបស់យើងវាសំខាន់»។

លោកថាការយល់ដឹងរបស់ពលរដ្ឋជារឿងសំខាន់ ដែលគាំទ្របន្ទាប់ដោយការអនុវត្តន៍ច្បាប់បានតឹងរឹង។

មង និងឧបករណ៍ឆក់គឺការវត្ថុដែលគំរាមកំហែងដល់សត្វផ្សោតខ្លាំងបំផុតដែលបានកត់ត្រាពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ មានសត្វផ្សោតចំនួន៣៣ក្បាលបានស្លាប់ភាគច្រើនស្លាប់ដោយជាប់មង។ ផ្នែកតាមទិន្នន័យក្នុងឆ្នាំ២០២០ អ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណថាមានសត្វផ្សោតទន្លេមេគង្គដែលធំពេញវ័យចំនួន ៨៩ក្បាលប៉ុណ្ណោះ ដែលកំពង់រស់នៅតាមដងទន្លេមេគង្គកម្ពុជា។


តារាចម្រៀងអ្នកនាង មាស សុខសោភា បានបង្ហាញនូវការគាំទ្រចំពោះការអភិរក្សផ្សោតនៅកម្ពុជាផងដែរ ដោយអំពាវននាវដល់ប្រជាពលរដ្ឋក្នុងការចូលរួមលើកស្ទួយនិងអភិរក្សសត្វដែលជិតផុតពូជមួយនេះ។

អ្នកនាងថា៖ «យើងក៏ជាផ្នែកមួយនៃធម្មជាតិដែរមនុស្ស។ យើងត្រូវតែបំពេញឱ្យគ្នា ក៏ប៉ុន្ដែកុំភ្លេចនូវការអភិរក្សនឹងបង្កើតពួកគាត់ឱ្យគាត់មានកូនមានអីបន្តជាជីវិតរបស់គាត់តកូនចៅ យើងក៏ចង់មានប្រទេសយើង មានកូនយើង ចៅយើងគ្នាក៏ចង់មានដែរ។ […] ខ្ញុំចង់ឱ្យបងប្អូនទាំងអស់រួមគ្នាធ្វើអំពើល្អអ្វីដែលប៉ះពាល់ដល់ជីវិតគេសូមកុំធ្វើអីព្រោះអីគ្នាក៏មានគ្រួសារដូចតែយើងដែរទេ»។

ក្នុងឆ្នាំ២០២២ ចំនួនសត្វផ្សោតងាប់មានចំនួនច្រើនដែលមិនធ្លាប់មានដល់ទៅ ១១ក្បាលក្នុងមួយឆ្នាំ ខណៈឆ្នាំ២០២៣ នេះមានត្រឹម ៤ក្បាល (៣ងាប់ដោយជាប់មង) ដែលជាជោគជ័យមួយនៃការអភិរក្សសត្វផ្សោត។


រដ្ឋមន្រ្តីកសិកម្មលោក ឌិត ទីណា បានស្នើដល់ពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីថែរក្សាសម្បត្តិផ្សោត ដោយប្រើប្រាស់ឧបករណ៍ដែលត្រឹមត្រូវតាមច្បាប់កំណត់។

លោកថា៖ «ការយល់ដឹងនេះយើងឃើញហើយមានការការយល់ដឹងច្រើន។ ហើយការខិតខំប្រឹងប្រែងរបស់យើងជាមួយនឹងអង្គការដៃគូរក៏យើងខិតខំច្រើនជាមួយនឹងស្ថាប័នផ្សេងៗក៏យើងធ្វើបានច្រើនអ៊ីចឹងបានឃើញលទ្ធផលនៅឆ្នាំនេះហើយយើងសង្ឃឹមថានៅឆ្នាំក្រោយបន្តទៀតលទ្ធផលនេះនឹងនៅតែល្អហើយកើនផ្សោតយើងបន្តទៀតជានិរន្តភាពសម្រាប់កូនចៅយើងជំនាន់ក្រោយ»។

ផ្សោតទន្លេមេគង្គ ឬផ្សោតក្បាលត្រឡោក ជាសត្វផ្សោតមួយប្រភេទក្នុងចំណោមសត្វផ្សោតទឹកសាប តែ៦ប្រភេទគត់ដែលមានរស់នៅក្នុងភពផែនដីនេះ។ សត្វផ្សោតប្រភេទនេះត្រូវបានចាត់ថា្នក់ក្នុងបញ្ជីក្រហម ជាសត្វជិតផុតពូជដោយអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។ បច្ចុប្បន្នផ្សោតទន្លេមេគង្គ មានវត្តមាននៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ក្នុងប្រព័ន្ធទន្លេចំនួន៣ គឺទន្លេមេគង្កនៅកម្ពុជា ទន្លេអាយ៉ែយ៉ាវវ៉ាឌីនៅមីយ៉ានម៉ា និងទន្លេមហាកាមនៅប្រទេសឥណ្ឌូនេស៊ី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក