លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ត្រឹមរយៈពេល ២ខែ ករណីជំងឺគ្រុនឈាមបានរកឃើញជាង ១ម៉ឺនករណី

ភ្នំពេញ៖ ត្រឹមរយៈពេល ២ខែ ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ករណីជំងឺគ្រុនឈាមបានរកឃើញប្រមាណ ១៣ ០០០ករណី។

ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម និងជាអនុប្រធាន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល លោកវជ្ជបណ្ឌិត លាង ឬទ្ធា បានឱ្យដឹងថា ត្រឹមរយៈពេល ២ខែ ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ករណីជំងឺគ្រុនឈាមបានរកឃើញជាង ១៣ ០០០ ខណៈតាំងពីដើម ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៧ ខែសីហា គឺមានត្រឹមតែ ១ម៉ឺនករណីប៉ុណ្ណោះ។

យោងតាមក្រសួងព័ត៌មានឱ្យដឹងថា លោកវេជ្ជបណ្ឌិតបញ្ចាក់ពី តួលេខជំងឺគ្រុនឈាមដែលបានរកឃើញនេះ មានចំនួនច្រើនជាងពេលកន្លងមក ក្នុងនោះក៏មានអ្នកស្លាប់បាត់បង់ជីវិត ហើយការកើនឡើងនេះ ដោយសារជំងឺ គ្រុនឈាមនេះ តែងតែមានការឆ្លងច្រើន ក្នុងរយៈពេល ៥ឬ ៦ឆ្នាំម្តង ព្រោះវាជាវដ្តនៃជំងឺដែលឆ្លងពីមូសខ្លា ប៉ុន្តែករណីដែលកើនឡើងច្រើននាពេលនេះ ស្ថិត នៅក្នុងកម្រិតមួយអាចគ្រប់គ្រងបាន។

លោកវេជ្ជបណ្ឌិតបានស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ចូលរួមបន្ថែមទៀត ធ្វើយ៉ាងណាលុបបំបាត់នូវជំងឺគ្រុនឈាម ពិសេសប្រជាពលរដ្ឋត្រូវតែបង្កើនការប្រុងប្រយ័ត្ន ដោយត្រូវតែសម្អាតបរិស្ថានជុំវិញផ្ទះឱ្យស្អាត គេងក្នុងមុង និងដាក់ថ្នាំអាប៊ែតក្នុងពាង ឬអាងទឹកដើម្បីកុំឱ្យកើតមូសជាដើម ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ក្រើនរំលឹកថា ប្រសិនបើអ្នកណាម្នាក់ក្តៅខ្លួន ត្រូវនាំទៅមន្ទីរពេទ្យ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ ព្រោះជំងឺនេះមានរយៈពេលព្យាបាលតែ ៤៨ម៉ោងទេ ហើយបើលើសពីនេះ គឺអាចពិបាកក្នុងការព្យាបាល និងសំណូមពរឱ្យប្រជាជនបន្តរស់នៅអនាម័យជុំវិញផ្ទះ និងលាងសម្អាតពាងទឹកឱ្យបានពីរឬមួយដងក្នុងមួយសប្តាហ៍ ហើយក្នុងករណីដែលមានភ្នាក់ងារមន្ត្រីសុខាភិបាល ចុះទៅត្រូវឱ្យពួកគាត់ដាក់ថ្នាំអាប៊ែត។ ដោយឡែកសំរាមសំបកកំប៉ុង ត្រឡោក ដូងស្នូល ចានដាក់ទឹកសត្វជាដើម គឺត្រូវផ្កាប់វា កុំឱ្យមានទឹកដក់ ដែលអាចកើត ទៅជាដង្កូវទឹក។

លោកបានឱ្យដឹងទៀតថា ក្នុងករណីសង្ស័យថានរណា ក្នុងក្រុមគ្រួសារសង្ស័យដែលកើតជំងឺគ្រុន ឈាមសូមព្យាយាមកុំព្យាបាលដោយខ្លួនឯង ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ព្រោះមិនថាមនុស្សចាស់ឬកូនក្មេង ក៏អាចកើតជំងឺនេះផងដែរ។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានអំពាវនាវឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តវិធានការសុខា ភិបាលនានា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងលើកកម្ពស់ការយល់ដឹង អំពីវិធានការបង្ការជំងឺឆ្លងនានាតាមរយៈបង្កើនការអប់រំផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ទៅដល់បុគ្គលគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។

គួរឱ្យដឹងដែរថា គិតត្រឹមរយៈពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមចំនួន៤ ៦៦៨ករណី និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន ១០ករណី ដែលមានការកើនឡើងជិត ២ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជំងឺគ្រុនឈាមមានរោគសញ្ញាដូចជា ក្តៅខ្លួនចាប់ពី ៣៩ ដល់ ៤០អង្សាសេ មុខក្រហម ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ ចង់ក្អួតរឺក្អួត ឈឺពោះ ឈឺសាច់ដុំនិងសន្លាក់ដៃជើង មានស្នាមអុចៗក្រហមលើស្បែក និងហូរ ឈាមតាមអញ្ចាញធ្មេញជាដើម ហើយភ្នាក់ងារចម្លងជំងឺគ្រុនឈាមគឺមូសខ្លាញី៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក