ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងសុខាភិបាល ណែនាំពលរដ្ឋរក្សាអនាម័យ ខណៈ«ជំងឺឆ្លងភ្នែកក្រហម» កំពុងរាលដាលនៅខេត្តមួយចំនួន

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានលម្អិតអំពីវិធីបង្ការ និងទប់ស្កាត់ការឆ្លង«ជំងឺភ្នែកក្រហម» ខណៈគិតមដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ជំងឺនេះកំពុងតែរាលដាលនៅតាមបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា។

ក្រសួងសុខាភិបាលបានគូសបញ្ជាក់អំពីអាការនៃការឆ្លងជំងឺភ្នែកក្រហម គឺនៅផ្នែក«ស»នៃភ្នែកឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របកភ្នែក ជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែក ឬ ចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែក (ពណ៌ខ្ទុះ ឬពណ៌ទឹកបាយ) ឈឺគ្រាប់ភ្នែក ។ល។ ហើយមានហៀរទឹកចេញពីភ្នែក តែមិនខាប់ទេ។

ជំងឺភ្នែកក្រហមនេះបង្កឡើងដោយវីរុស អាចកើតមានលាយឡំជាមួយនឹងជំងឺផ្ដាសាយ ឬជំងឺផ្លូវដង្ហើមផ្សេងទៀត។ ការឆ្លងជំងឺនេះដំបូង គឺឆ្លងពីភ្នែកម្ខាង ហើយអាចរាលដាលដល់ភ្នែកម្ខាងទៀតក្នុងរយៈពេលតែប៉ុន្មានថ្ងៃ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ជំងឺភ្នែកក្រហមដោយវីរុសនិងបាក់តេរីឆ្លងលឿនណាស់ រាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្សផ្សេងទៀត។

តែយ៉ាងណា ពលរដ្ឋអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺភ្នែកក្រហម ឬការចម្លងទៅអ្នកដទៃដោយអនាម័យល្អ សម្អាតដៃឱ្យបានស្អាតជានិច្ច។ ចំពោះអ្នកដែលឆ្លងជំងឺភ្នែកក្រហម ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្ដៅឧណ្ហៗយ៉ាងហោចណាស់ ៣០វិនាទី ឬប្រើទឹកអាល់កុល លាងដៃមុននិងក្រោយពេលសម្អាត ឬដាក់ថ្នាំបន្តក់ភ្នែក ឬដាក់ថ្នាំលាបលើភ្នែកឈឺ។

ជាមួយគ្នានេះដែរ អ្នកជំងឺត្រូវ ចៀសវាងការប៉ះ ឬត្រដុស ឬញីភ្នែក ពីព្រោះធ្វើឱ្យកាន់តែរលាក ឬរាលដាលទៅភ្នែកម្ខាងទៀត ប្រើដៃស្អាត លាងសម្អាតជុំវិញភ្នែករបស់អ្នកឱ្យបានច្រើនដងក្នុងមួយថ្ងៃ ដោយប្រើក្រណាត់ស្អាតសើម ឬសំឡីស្អាត។ បោះចោលដុំសំឡីបន្ទាប់ពីប្រើប្រាស់រួច ឬបោកគក់សម្អាតក្រណាត់ដែល សាប៊ូបោកខោអាវ បន្ទាប់មកលាងដៃម្តងទៀតជាមួយសាប៊ូ។ ជាពិសេសកុំប្រើថ្នាំបន្តក់ដងតែមួយសម្រាប់ភ្នែកដែលឈឺ និងភ្នែកមិនទាន់ឈឺ ហើយបោកគក់ខ្នើយ ភួយ ស្រោមពូក និងកន្សែងឱ្យបានញឹកញាប់ក្នុងទឹកក្តៅ និងសាប៊ូ។

ក្រសួងសុខាភិបាលថា ភាគច្រើននៃជំងឺឆ្លងភ្នែកក្រហម គឺស្រាល ជាធម្មតាការឆ្លងជំងឺនេះ នឹងជាសះស្បើយទៅវិញក្នុងរយៈពេល៧ ទៅ១៤ថ្ងៃ ដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។

ក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ ទៅ ៣សប្ដាហ៍ ឬច្រើនជាងនេះដើម្បីជាសូរស្បើយ។ គ្រូព អាចផ្តល់ថ្នាំអង់ទីប៊ីយោទិច ដូចជាថ្នាំបន្តក់ភ្នែក ឬថ្នាំដាក់ភ្នែក។ ការឱ្យថ្នាំបន្តក់ឬថ្នាំដាក់ភ្នែក ជួយបន្ថយរយៈពេលនៃការឆ្លង កាត់បន្ថយផលវិបាក និងកាត់បន្ថយការរីករាលដាលដល់អ្នកដទៃ។

សម្រាប់ព័ត៌មានបន្ថែម ពលរដ្ឋអាចទាក់ទងលេខទូរស័ព្ទទាន់ ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមរយៈលេខ ទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក