ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅត្រួតពិនិត្យរោងចក្រចំនួន៣ ដែលត្រូវជំនន់ទឹកភ្លៀងជន់លិចនៅខេត្តតាកែវ និងស្នើឱ្យម្ចាស់រោងចក្រគិតគូរចំពោះកម្មករនិយោជិតដែលរងការលិចផ្ទះសម្បែង។
អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ុក ចាន់ធូ និងមានការចូលរួមពីក្រុមមន្ត្រីអធិការកិច្ចការងារ និងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានចុះពិនិត្យស្ថានភាពរោងចក្រចំនួន៣ តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលត្រូវជំនន់ទឹកភ្លៀងហូរចូលដល់ផ្នែកច្រវាក់ផលិតកម្ម។
តាមការបញ្ជាក់ឱ្យដឹងពីក្រសួងការងារ ម្ចាស់រោងចក្រទាំង៣នោះ បានសម្រេចផ្អាកផលិតកម្មមួយរយៈ ហើយក៏បានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាករហូតទឹកស្រកវិញ។ ក្នុងនោះមានក្រុមហ៊ុនដេរកាបូប ភីវី អ៊ិនដាស់ស្ទៀល (ដេរកាបូប) មានកម្មករសរុប៥៨៧នាក់ (ស្រី៤០៥នាក់) ក្រុមហ៊ុនដេរកាបូប លីន តុន មេនូហ្វេកឆឹរីង មានកម្មករសរុប១៥៤នាក់ (ស្រី១១២នាក់) និងសហគ្រាសបោះពុម្ព ជុនដាអ៊ិន អេចអែម មានកម្មករសរុប២០នាក់ (ស្រី៨នាក់)។
ម្ចាស់រោងចក្រ សហគ្រាសបានសំណូមពរឱ្យអាជ្ញាធរជួយពន្លឿនការបង្ហូរទឹកចេញដើម្បីកុំឱ្យមានការជន់លិចកាន់តែខ្លាំង ហើយថ្នាក់ដឹកនាំក្រសួងការងារបានទទួលយកសំណើនេះទៅរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង។
លោក អ៊ុក ចាន់ធូ ក៏បានស្នើដល់រោងចក្រ សហគ្រាសបន្តយកចិត្តទុកដាក់សម្របសម្រួល និងគិតគូរដល់កម្មករនិយោជិតអំពីចំនួនថ្ងៃឈប់សម្រាក និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត ដោយផ្អែកតាមស្ថានភាពជាក់ស្តែង។
លោកបន្តថា ចំពោះកម្មករនិយោជិតដែលមានផ្ទះរងការជន់លិចនៅតំបន់នោះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវក៏បានជូនដំណឹងដល់អ្នកគ្រប់គ្រងរោងចក្រ សហគ្រាសសូមពិនិត្យលទ្ធភាពសម្របសម្រួលដោះស្រាយអត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករនិយោជិតផងដែរ៕