កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

លោក ឯម ច័ន្ទមករា សម្ពោធជម្រាលសម្រាប់ជនមានពិការភាព ២២ឃុំ-សង្កាត់ នៃខេត្តចំនួន ៥

ភ្នំពេញ៖ ជីវិតកាន់តែងាយស្រួលឡើងៗ សម្រាប់ជនមានពិការភាពនៅកម្ពុជា។ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហានេះ ជម្រាលចំនួន២២ ត្រូវបានដាក់សម្ពោធជាផ្លូវការសម្រាប់ខេត្តចំនួន៥ រួមមានខេត្តកំពង់ស្ពឺ កំពង់ចាម សៀមរាប បាត់ដំបង និងខេត្តក្រចេះ។

ជម្រាលដែលគោរពទៅតាមបទដ្ឋានស្តង់ដាសម្រាប់ជនមានពិការភាពទាំងនោះត្រូវបានធ្វើឡើងនៅឃុំ-សង្កាត់ ចំនួន២២ ។ ក្នុងពេលជាមួយគ្នានេះដែរ វីដេអូអប់រំស្តីពីបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ឋរូបវន្តបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព ត្រូវបានបញ្ចូលអត្ថន័យអប់រំនិងណែនាំនៅក្នុងវីដេអូអប់រំ ផ្សព្វផ្សាយបែបគំនូរជីវចលចំនួន៥ ដែលវីដេអូនីមួយៗទាក់ទងនឹងចំណុចមួយផ្នែកនៃបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តការបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ក៏ត្រូវបានប្រកាសឱ្យផ្សព្វផ្សាយជាសាធារណៈ។ គម្រោងទាំងពីរនេះត្រូវបានគាំទ្រដោយស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាសម្រាប់សេវាកម្មប្រកបដោយនិរន្តរភាពនិងសមធម៌ ឬកម្មវិធី ACCESS ។

កម្មវិធី ACCESS គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលអូស្រ្តាលី ដាក់ឱ្យអនុវត្តរយៈពេល ៥ឆ្នាំនៅកម្ពុជា ដែលកម្មវិធីនេះនឹងត្រូវដំណើរការរហូតដល់ឆ្នាំ២០២៣។ ACCESS គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អូស្រ្តាលីក្នុងការគាំទ្រសិទ្ធិមនុស្ស សមភាពយេនឌ័រ និងការអភិវឌ្ឍជនមានពិការភាពនៅកម្ពុជា។


រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានមានប្រសាសន៍ថា សមិទ្ឋផលជម្រាលទាំង២២កន្លែង ដែលត្រូវបានដាក់សម្ពោធនិងប្រកាសឱ្យប្រើប្រាស់នាថ្ងៃនេះ ថ្វីត្បិតតែស្ថិតនៅក្នុងបរិមាណតិចយ៉ាងណាក្តី បើប្រៀបធៀបទៅនឹងសេចក្តីត្រូវការនៅទូទាំងប្រទេស ប៉ុន្តែវាជាគំរូជាក់ស្តែងមួយដែលស្ថាប័នសាធារណៈនិងឯកជន ឬបុគ្គលអ្នកសប្បុរស ឬជាងសំណង់ប្រកាន់យកជាខ្នាតគំរូសម្រាប់សំណង់បន្តបន្ទាប់នៅទូទាំងប្រទេស។


រដ្ឋលេខាធិការសង្គមកិច្ច លោក ឯម ច័ន្ទមករា បានបន្តទៀតថា “ការងារពិការភាព មានភាពធំធេង ទូលំទូលាយ មានការប្រទាក់ក្រឡាគ្នា ហើយក៏ស្មុគស្មាញណាស់ដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រី បច្ចេកទេសទាំងអស់ បានព្យាយាម និងពុះពារការលំបាក ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍសំដៅធ្វើឱ្យវិស័យពិការភាពកាន់តែប្រសើរឡើងនិងបង្កើនគុណភាពជីវិតរបស់ជនមានពិការភាព។ ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជានិងអូស្ត្រាលី ប្រទេស កម្ពុជាកំពុងទទួលបានការគាំទ្រលើវិស័យពិការភាពនិងយេនឌ័រក្រោមយន្តការវិនិយោគ ប្រកបដោយការប្រកួតប្រជែង គ្រប់គ្រងនិងដំណើរការដោយ កម្មវិធី ACCESS” ។

លោករដ្ឋលេខាធិការសង្គមកិច្ច បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីចំពោះការជួយគាំទ្រដល់កម្ពុជាតាមកម្មវិធី ACCESS ដែលបានពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋាភិបាលនិងស្ថាប័នអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងអង្គការ តំណាងសំឡេងជនមានពិការភាពបានខ្លាំងក្លាជាងពេលមុន។


ឯកអគ្គរដ្ឋទូតរងអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Andreas Zurburgg បានគូសបញ្ជាក់ថា ការលើកកម្ពស់និងការពារសិទ្ធិជនមានពិការភាពនៅកម្ពុជា គឺជាការយកចិត្តទុកដាក់របស់ស្ថានទូត។ “បរិយាកាសអំណោយផលដែលផ្តល់នូវស្តង់ដា និងលទ្ធភាពគ្រប់គ្រាន់បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាពបានចូលរួមយ៉ាងពេញលេញនៅក្នុងសង្គមនិងទទួលបានកម្រិតជីវភាពល្អប្រសើរ។

ការបង្កលក្ខណៈងាយស្រួលដូចជា ការដឹកជញ្ជូន ចំណតយានយន្ត អគារសាធារណៈដូចជា សាលារៀន កន្លែងធ្វើការ សាលាឃុំ និងមណ្ឌលសុខភាពនឹងជួយដល់ស្ត្រី បុរសនិងកុមារដែលមានពិការភាពបានចូលរួមសកម្មភាពប្រចាំថ្ងៃដែលនឹងធ្វើមនុស្សភាគច្រើនចូលរួមត្រែអរនិងយល់ស្រប។ សម្រាប់កុមារ សាលារៀនដែលមានការបង្កលក្ខណៈងាយស្រួលអាចធ្វើឱ្យមានភាពខុសគ្នារវាងការទទួលបានការអប់រំ ឬការបោះបង់ការសិក្សា។ សម្រាប់ស្ត្រីនិងបុរសពេញវ័យមានពិការភាព ការបង្កើតឱ្យមានបទដ្ឋាននៃការបង្កលក្ខណៈងាយស្រួលអាចប្រែទៅជាឱកាសការងារនិងបង្កើនការរំពឹងទុកនៃជីវភាពរស់នៅប្រកបដោយនិរន្តរភាពសម្រាប់គ្រួសាររបស់ពួកគេ ហើយក៏ជាប្រយោជន៍សេដ្ឋកិច្ចរបស់សហគមន៍ និងឃុំ-សង្កាត់ក្នុងតំបន់របស់ពួកគេផងដែរ”៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក