
រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនឯកជនចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ»
ចិន៖ រាជររដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនឯកជនចិន នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានចុះហត្ថលេខារួមគ្នាលើឯកសារសំខាន់ៗចំនួន៣ ក្នុងនោះក៏មានគម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ» ផងដែរ។
ឯកសារសំខាន់ៗទាំងនោះ រួមមាន ពិធីចាប់ផ្ដើមជាផ្លូវការនៃភាពជាដៃគូ eWPT Cambodia ពិធីចុះហត្ថលេខារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.) និងពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំង៣នេះ ធ្វើឡើងក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្រុមហ៊ុនឯកជនចិន។ គម្រោងទាំង៣នេះ ត្រូវបានចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល និងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយនឹងភាគីក្រុមហ៊ុនឯកជនចិន។
គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កន្លងមកបានដាក់ឱ្យអនុវត្តគម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ»ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនទំនិញ និងទេសចរណ៍ចុះកាន់តែទាប់ និងកាត់បន្ថយការបំភាយផ្សែងពុលក្នុងបរិស្ថាន ជាពិសេសងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀតនៅកម្ពុជា។
គម្រោងផ្លូវនាវាចរណ៍ នេះគឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដោយតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ ផ្លូវទឹកនេះមានប្រវែង១៨០គីឡូម៉ែត្រចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងកែប។
ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ៨០ម៉ែត្រ និងជម្រៅទឹក៥,៤ម៉ែត្រ។ គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង ស្ពានចំនួន១១កន្លែង ផ្លូវអមសាងខាងប្រវែង២០៨គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ ដោយគម្រោងនេះគម្រោងចំណាយទុនវិនិយោគ១ ៧០០លានដុល្លារ និងប្រើពេលសាងសង់ចំនួន៤ឆ្នាំ៕