
ក្រសួងសុខាភិបាល បិទមន្ទីរពេទ្យ «សែនមានជ័យ» ដោយសារប្រើរថយន្តដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីសម្រេចនាយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បិទមន្ទីរពេទ្យសម្រាកព្យាបាលឯកជនឈ្មោះ «សនមានជ័យ» ដែលស្ថិតនៅផ្ទះលេខ៧B3-៨B3 ផ្លូវលេខ១០៧ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសារតែយករថយន្តដឹកអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ។
ក្រសួងសុខាភិបាលអះអាងថា មន្ទីរពេទ្យឯកជនមួយនេះមិនគោរពតាមកិច្ចសន្យាជាមួយក្រសួងសុខាភិបាល និងមិនមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការផ្តល់សេវា ដូចមានក្នុងរចនាសម្ព័ន្ធដែលបានស្នើសុំ។
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្រសួងសុខាភិបាលបានព្រមានម្តងហើយម្តងទៀត ដល់មន្ទីរពេទ្យឯកជន និងគ្លីនិក មិនអនុញ្ញាតឱ្យយករថយន្តសង្គ្រោះបន្ទាន់ទៅដឹកអ្នករងរបួសដោយសារគ្រោះថា្នក់ចរាចរណ៍តាមដងផ្លូវនោះទេ។ ក្រសួងសុខាភិបាលមិនអនុញ្ញាតបែបនេះ ដោយសារតែរថយន្តសង្គ្រោះទាំងនោះ ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារបរិក្ខារពេទ្យត្រឹមត្រូវគ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅនឹងកន្លែង ទាំងការ លើកដាក់ និងការបញ្ជូនជនរងគ្រោះ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ក្រសួងនឹងចាត់វិធានការចំពោះរថយន្តគិលានសង្គ្រោះខុសច្បាប់ទាំងនោះ ទៅតាមបទបញ្ញត្តិជាធរមាននិងឈានទៅបិទមូលដ្ឋាន សុខាភិបាលឯកជនទាំងឡាយណាដែលនៅតែបន្តសហការជាមួយម្ចាស់រថយន្តគិលានសង្គ្រោះខុសច្បាប់ទាំងនោះ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ពង្រឹងបន្ថែមនូវសេវារថយន្តតិលានសង្គ្រោះបម្រើការក្នុងសេវាសាធារណៈនៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានកាន់តែប្រសើរឡើងថែមទៀត៕