អូស្រ្តាលី៖ នាយកបាល់ទាត់អូស្រ្តាលី លោក James Johnson បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហានេះថា សហព័ន្ធបាល់ទាត់អូស្រ្តាលី កំពុងសិក្សាពីផែនការក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នាពេលខាងមុខ អាចជា World Cup ឆ្នាំ២០៣០ ឬ World Cup ២០៣៤ ស្របពេលដែលអូស្ត្រាលីកំពុងចង់បង្ហាញភាពជោគជ័យបន្ថែមទៀត ពីលើការឈ្នះសិទ្ធិរៀបចំការប្រកួតបាល់ទាត់ស្រ្តីជើងឯកពិភពលោក ឆ្នាំ២០២៣ខាងមុខនេះ។
កន្លងមក អូស្រ្តាលីបានបរាជ័យក្នុងការស្នើជាម្ចាស់ផ្ទះ World Cup ២០២២ ដោយកាលនោះ អូស្ត្រាលីក៏បានរៀបចំឯកសារក្នុងការដេញថ្លៃផងដែរ ប៉ុន្តែផែនការនេះត្រូវបានបរាជ័យ ដោយបណ្តាសហព័ន្ធបាល់ទាត់នានាបានផ្តល់ការគាំទ្រលើសលុប លើគម្រោងនៃការដេញថ្លៃរបស់កាតា។ យ៉ាងណាក៏ដោយ សហព័ន្ធបាល់ទាត់អូស្រ្តាលីបានបង្ហាញសុទិដ្ឋិនិយមសាជាថ្មី ក្រោយពេលដែលសហព័ន្ធជោគជ័យក្នុងការដេញថ្លៃជាសហម្ចាស់ផ្ទះជាមួយណូវែលហ្សេឡង់ ក្នុងការរៀបចំព្រឹត្តិការណ៍ជើងឯកស្រ្តី ឆ្នាំ២០២៣ និងក្រោយពីគណៈកម្មាធិការអូឡាំពិកអូស្រ្តាលី ឈ្នះសិទ្ធិរៀបចំជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០៣២ នៅទីក្រុង Brisbane។
លោក James Johnson ក៏បានលើកឡើងផងដែរអំពីភាពចៃដន្យ ដោយកាណាដា បានរៀបចំការប្រកួតបាល់ទាត់ជើងឯកស្រ្តីកាលពីឆ្នាំ២០១៥ ហើយ ១១ឆ្នាំក្រោយមក កាណាដា ក៏ទទួលបានសិទ្ធិជាសហម្ចាស់ផ្ទះ World Cup ២០២៦ រួមជាមួយសហរដ្ឋអាមេរិក និងម៉ិកសិក ហើយប្រេស៊ីលដែលទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ World Cup នៅឆ្នាំ២០១៤ ក៏បន្តទទួលជាម្ចាស់ផ្ទះអូឡាំពិកនៅឆ្នាំ២០១៦។
យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំនៃបាល់ទាត់អូស្រ្តាលីខាងលើក៏បានលើកឡើងផងដែរថា វាទំនងជាពិបាកទៅរួចបន្តិចសម្រាប់ឆ្នាំ២០៣០ ដែលម្ចាស់ផ្ទះទំនងជាបានទៅលើទ្វីបអឺរ៉ុប ឬអាមេរិកខាងត្បូង ប៉ុន្តែនៅឆ្នាំ ២០៣៤ អូស្រ្តាលីមានសង្ឃឹមខ្ពស់ ព្រមទាំងព្យាយាមសម្រាប់ការប្រជែងសិទ្ធិរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោកនេះ៕