TOP NEWS : រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យធ្វើចរាចរណ៍គ្រប់ប្រភេទនៅក្នុង "តំបន់លឿង" អាចប្រព្រឹត្តទៅជាធម្មតា ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១
ភ្នំពេញ : ប្រជាពលរដ្ឋដែលរស់នៅក្នុង “តំបន់លឿង" ត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរណ៍គ្រប់ប្រភេទបានជាធម្មតា ប៉ុន្តែត្រូវបន្តអនុវត្តបម្រាមគោចរនៅ "តំបន់លឿង" ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) លើកលែងតែករណីមួយចំនួន។
បើទោះបីជា “តំបន់លឿង" ត្រូវបានអនុញ្ញាតឱ្យធ្វើចរាចរណ៍គ្រប់ប្រភេទបានជាធម្មតាវិញក៏ដោយ ប៉ុន្តែក្នុងអំឡុងពេលនៃការអនុវត្តការបិទខ្ទប់សម្រាប់ភូមិសាស្ត្រដែលត្រូវបានកំណត់ជា “តំបន់លឿង"នេះ រាជរដ្ឋាភិបាលក៏នៅបន្តការហាមឃាត់ ឬរឹតត្បិតការធ្វើដំណើរ, សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងសកម្មភាពនៃការជួបជុំ ឬប្រមូលផ្តុំមនុស្សផងដែរ ដោយត្រូវកំណត់តាមលក្ខណៈមួយចំនួនទៀត។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដី-១៩ ដែលបានចុះហត្ថលេខាដោយសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។
ការធ្វើដំណើរឆ្លងកាត់ចេញពី "តំបន់លឿង" ឆ្លងកាត់ "តំបន់ក្រហម” និង “តំបន់លឿងទុំ" ឬទៅក្រៅភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវបានអនុញ្ញាតតែក្នុងករណីដែលមានចែងក្នុងចំណុចទី១ នៃប្រការ៣, ប្រការ៤ និងប្រការ៦ នៃសេចក្ដីសម្រេចតែប៉ុណ្ណោះ។
ចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្មគ្រប់ប្រភេទនៅក្នុង "តំបន់លឿង" ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការជាធម្មតា លើកលែងតែសាលារៀនរួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន, អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទជាអាទិ៍ ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក និងបៀហ្គាឌិន, រមណីយដ្ឋាន និង សួនកម្សាន្តនានា, អាជីវកម្មម៉ាស្សា, ហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងភាពយន្ត , រោងសម្ដែង សិល្បៈ, សារមន្ទីរ, ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ អាចសម្រេចហាមឃាត់សកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀតដោយយោងតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
រាជរដ្ឋាភិបាលបានណែនាំចំពោះការធ្វើសកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលបើកដំណើរការ ព្រមទាំងរាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្សក្នុង "តំបន់លឿង " ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត ប៉ុន្តែហាមឃាត់ការសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។
ដោយឡែក ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានលក្ខណៈកុះករកកកុញ ឬដែលមានមនុស្សចូលរួមលើសពី ១០ (ដប់) នាក់ ត្រូវបានហាមឃាត់ លើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា, ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច, ការជួបជុំរបស់ស្ថាប័នសាធារណៈ, ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និង ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩, ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ, ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី និងការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់ អាជ្ញាធរមានសមត្ថកិច្ច។
ការហាមឃាត់ខាងលើនេះ មិនអនុវត្តចំពោះការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីបំពេញការងារបម្រើឱ្យសកម្មភាពមុខរបរ ឬអាជីវកម្មដែលត្រូវបានអនុញ្ញាតនៅក្នុង "តំបន់លឿង” ឡើយ។
ទន្ទឹមនឹងការអនុញ្ញាតឱ្យធ្វើចរាចរណ៍គ្រប់ប្រភេទបានជាធម្មតាក្នុង “តំបន់លឿង" ប៉ុន្តែប្រជាពលរដ្ឋត្រូវនៅបន្តអនុវត្តបម្រាមគោចរនៅ "តំបន់លឿង" ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) លើកលែងតែក្នុងករណីដូចជាការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថកិច្ចអនុវត្ត វិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ហាបេសកកម្ម ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់និងបន្ទាន់ក្នុងគ្រួសារ ការដឹកជញ្ជូនទំនិញ ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ទីតាំងផលិតនិងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែន ទីតាំងផលិតនិងផ្គត់ផ្គង់មី ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន, ឱសថស្ថាន សេវាពន្លត់អគ្គិភ័យ សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត សេវាបម្រើប្រតិបត្តិការផ្នែកទូរគមនាគមន៍ ស្ថានីយ៍ប្រេងឥន្ធនៈ-ហ្គាស សេវាសណ្ឋាគារ និងផ្ទះសំណាក់ និងក្នុងករណីចាំបាច់ និងសេវាសាធារណៈចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕